(តូក្យូ)៖ អ្នកនាំពាក្យក្រសួងការពារជាតិជប៉ុនបានឱ្យដឹងថា សហរដ្ឋអាមេរិកបានសុំទោសជប៉ុន ចំពោះឧប្បទ្ទហេតុច្រំដែលៗ បង្កឡើងដោយបិរក្ខាយោធាអាមេរិក ដែលបាននិងកំពុងធ្វើឱ្យប្រជាជនជប៉ុនមានការខឹងសម្បារកាន់តែខ្លាំងនឹងសកម្មភាពយោធាអាមេរិក នៅលើទឹកដីជប៉ុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ អ្នកនាំពាក្យដដែល រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis បានសុំទោសសមភាគីជប៉ុន លោក Itsunori Onodera បន្ទាប់ពីមានឧប្បទ្ទវហេតុជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងការចុះចតជាបន្ទាន់ របស់ឧទ្ធម្ភាគចក្រយោធាអាមេរិកមួយគ្រឿង កាលពីចន្ទ ម្សិលមិញ នៅឯកោះអូគីណាវ៉ាជាទីដែលកងទ័ពអាមេរិកជាង ៤៧,០០០នាក់ កំពុងឈរជើង។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «លោករដ្ឋមន្ត្រី Onodera បាននិយាយ ថាវាជាការសុំទោសរបស់លោក James Mattis... មិនតែប៉ុណ្ណោះលោកក៏បានប្រាប់លោក Mattis ផងដែរ ជុំវិញការកើនឡើងនៃឧប្បទ្ទវហេតុយោធាដដែលៗ ដែលបាន កើតឡើងនៅក្នុងខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ កាលពីឆ្នាំ២០១៧ ហើយចុងក្រោយបំផុតវានៅតែបន្តកើតឡើង នៅក្នុងមករា ឆ្នាំ២០១៨នេះទៀត នៅលើកោះអូគីណាវ៉ា»។
គួរបញ្ជាក់ថា ពុំមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬកាខូចខាតនោះទេ ក្រោយការចុះចតជាបន្ទាន់របស់ឧទ្ធម្ភាគចក្រយោធាអាមេរិកមួយគ្រឿង កាលពីចន្ទម្សិលមិញ នៅក្បែរសណ្ឋាគារមួយក្នុងភូមិ Yomitan នៃកោះអូគីណាវ៉ា។ ដោយឡែក បើគេចាំមិនភ្លេចទេកាលពីខែឆ្នូ ឆ្នាំ២០១៧ បង្អួចឧទ្ធម្ភាគចក្រយោធាអាមេរិកមួយគ្រឿង ក៏បាន ធ្លាក់លើទីធ្លាសាលារៀនមួយកន្លែងលើកោះមួយនេះ តែមិនបានបណ្ដាលឱ្យសិស្សសាលាណាម្នាក់រងរបួស រីឯទីក្រុងវ៉ាស៊ីនតោនក៏បានចេញមុខសូមទោសផងដែរ៕