(សេអ៊ូល)៖ ក្រៅពីការយល់ព្រមបញ្ជូនប្រតិភូជាន់ខ្ពស់ និងអត្តពលិក ដើម្បីមកចូលរួមកីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ មន្រ្តីតំណាងទីក្រុងព្យុងយ៉ាង ក៏បានព្រមព្រៀងឲ្យមានការបើកឲ្យប្រើប្រាស់ឡើងវិញផងដែរចាប់ពីថ្ងៃពុធស្អែកនេះ នូវខ្សែទូរស័ព្ទបន្ទាន់ (Hotline) ផ្នែកយោធារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ក្រោយពីវាត្រូវបានបិទក្នុងអំឡុងពេលជិតពីរឆ្នាំមកហើយ ក៏ព្រោះតែទំនាក់ទំនងនៃប្រទេសទាំងពីរ បានធ្លាក់ចុះដុនដាបខ្លាំង។ នេះបើតាមការអះអាងពីមន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ នៅរសៀលថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។
ការសម្រេចខាងលើត្រូវបានចាត់ទុកថា ជាភាពវិជ្ជមានមួយទៀត បន្ថែមពីលើការយល់ព្រមចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ ដែលបានកើតមានបន្ទាប់ពី កិច្ចប្រជុំអន្តរកូរ៉េកាលពីម៉ោង ១០៖០០នាទីព្រឹក ថ្ងៃអង្គានេះត្រូវបានរៀបចំឡើងនៅឯភូមិ Panmunjom។
គួរបញ្ជាក់ថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានចាប់ផ្តើមចរចាគ្នាជាផ្លូវការ ដោយបានពិភាក្សាគ្នាស្តីពីការបញ្ជូនអត្តពលិកកូរ៉េខាងជើង ទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវរងារនៅឯទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ក្រោយនេះ៕