(ស៊ីដនី)៖ របាយការណ៍ថ្មីមួយនាថ្ងៃអង្គារនេះបានអះអាងថា សត្វកន្ធាយពណ៌បៃតង នៅក្នុងតំបន់ថ្មប៉ប្រះទឹកដ៏អស្ចារ្យ Great Barrier Reef របស់ប្រទេសអូស្រ្តាលី អាចប្រឈមមុខនឹងការបាត់បង់ផុតពូជ ដោយសារតែការកើនឡើងកម្តៅនៃសីតុណ្ហភាពទឹកសមុទ្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។
ការសិក្សាខាងលើ ដែលធ្វើឡើងដោយទីភ្នាក់ងារអាមេរិក NOAA រួមទាំងក្រុមអ្នកវិទ្យាសាស្រ្តអូស្រ្តាលី មកពីនាយកដ្ឋានការពារបរិស្ថាន និងសម្បត្តិបេតិកភណ្ឌ បានរកឃើញថា ចំនួនសត្វកន្ធាយឈ្មោល បាននិងកំពុងថយចុះជាខ្លាំង អស់រយៈពេលប្រហែលជាពីរទសវត្សរ៍កន្លងមកហើយ។
គួរជម្រាបថា នៅតាមភាគត្បូងនៃតំបន់ Great Barrier Reef ដែលមានសីតុណ្ហភាពពុំសូវក្តៅ វត្តមានកន្ធាយញី គឺមានចន្លោះពី ៦៥ភាគរយ ទៅ ៦៩ភាគរយ នៃសត្វកន្ធាយបៃតងសរុបនៅទីនោះ ខណៈនៅតំបន់ភាគខាងជើងដែលក្តៅជាង គឺកន្ធាយញីមានដល់ទៅ ៨៧ភាគរយ ឬក៏ ៩៩.៨ភាគរយ ឯណោះ ពោលនៅទីនោះមានវត្តមានសត្វកន្ធាយពណ៌បៃតងឈ្មោលតិចតួចបំផុត។ ដោយឡែក សីតុណ្ហភាពដែលសមរម្យបំផុត សម្រាប់ឲ្យសត្វកន្ធាយនេះទាំងញីទាំងឈ្មោល មានចំនួនស្មើគ្នាវិញនោះ គឺប្រមាណ ២៩អង្សាសេ។
គួរជម្រាបថា បើតាមនាយកមូលនិធិគាំពារជិវិតសត្វព្រៃ និងធនធានសមុទ្រពិភពលោកនៃប្រទេសអូស្រ្តាលី ប្រសិនបើវានៅតែបែបនេះទៀតនោះ ចំនួនសត្វកន្ធាយឈ្មោលនៅតំបន់ថ្មប៉ប្រះទឹក Great Barrier Reef នឹងចាប់ផ្តើមបាត់បង់ទាំងស្រុង ខណៈពួកវាមានសារៈសំខាន់បំផុត សម្រាប់ការបង្កាត់ពូជ និងការរក្សាកុំឲ្យសត្វដែលសំខាន់បំផុតមួយនេះ ផុតពូជទៅ៕