(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះបាននិយាយថា ខ្លួននឹងពិចារណាដកទណ្ឌកម្មសេដ្ឋកិច្ច ជាបណ្ដោះអាសន្នពីកូរ៉េខាងជើង នៅក្នុងករណីចាំបាច់។ ការថ្លែងបែបនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយកូរ៉េខាងជើងបានសម្រេចថា នឹងបញ្ជូនក្រុមប្រតិភូជាន់ខ្ពស់ ព្រមទាំងអត្តពលិកឲ្យមកចូលរួមក្នុងការប្រកួតកីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅក្នុងទឹកដីកូរ៉េខាងត្បូង នាខែកុម្ភៈខាងមុខនេះ។ នេះបើតាមការអះអាងពីក្រសួងការបរទេសកូរ៉េខាងត្បូង ដកស្រង់ដោយសារព័ត៌មាន Reuters នៅសៀលថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។
ការសម្រេចដែលត្រូវបានចាត់ទុកថា ជាភាពវិជ្ជមាននៃទំនាក់ទំនងប្រសើរឡើងវិញបន្តិចរវាងកូរ៉េទាំងពីរ បានកើតមានឡើងបន្ទាប់ពី កិច្ចប្រជុំអន្តរកូរ៉េកាលពីម៉ោង ១០៖០០នាទីព្រឹក ថ្ងៃអង្គានេះត្រូវបានរៀបចំឡើង នៅឯភូមិ Panmunjom។ ដោយឡែក នៅមុនជំនួបនេះ លោក Ri Son Gwon តំណាងកូរ៉េខាងជើងក៏បានលើកឡើងដូច្នេះដែរថា «នៅថ្ងៃនេះកូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងចូលរួមក្នុងកិច្ចប្រជុំជាមួយជំហរពិតប្រាកដ និងស្មោះត្រង់... ហើយខ្ញុំសង្ឃឹមថា កិច្ចសន្ទនានេះនឹងទទួលបានលទ្ធផលល្អ»។
គួរបញ្ជាក់ថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានចាប់ផ្តើមចរចាគ្នាជាផ្លូវការ ដោយបានពិភាក្សាគ្នាស្តីពីការបញ្ជូនអត្តពលិកកូរ៉េខាងជើង ទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវរងារនៅឯទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ក្រោយនេះ។ ប៉ុន្តែទន្ទឹមគ្នា បើតាមសារព័ត៌មានកូរ៉េខាងត្បូង ទីក្រុងសេអ៊ូល ទំនងជាអាចនឹងលើកឡើងផងដែរ ពីផ្លូវនាំទៅរកការស្ដារទំនាក់ទំនងឡើងវិញ រវាងកូរ៉េទាំងពីរ ព្រមទាំងការរៀបចំជំនួបគ្រួសារកូរ៉េ ដែលបានព្រាត់ប្រាស់គ្នានៅអំឡុងសម័យសង្រ្គាមកូរ៉េ៕