(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមធ្វើឱ្យស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ កាន់តែអាក្រក់ឡើង បើទោះជាមានកិច្ចខិតខំប្រឹងប្រែងធ្វើបន្ធូរ បន្ថយភាពតានតឹងនៅក្នុងតំបន់ ពីសំណាក់ទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូលក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។
កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃអង្គារបានចាប់ផ្ដើមហើយនូវកិច្ចចរចាកំរិតខ្ពស់ ជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំមកនេះ ទៅឯភូមិ Panmunjom ដើម្បីពិភាក្សាពីការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរវាងកូរ៉េទាំងពីរ ក៏ដូចជាការបញ្ជូនអត្តពលិកកូរ៉េខាងជើងឱ្យទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ នៅខែកម្ភៈខាងមុនេះ។ ប៉ុន្តែ មួយថ្ងៃមុនជំនួបនេះ កាសែតរដ្ឋកូរ៉េខាជើង Rodong Sinmun បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមធ្វើឱ្យស្ថាននៅលើឧបទ្វីបកូរ៉េកាន់តែអាក្រក់ឡើង បន្ទាប់ ពីទីក្រុងវ៉ាស៊ីនតោន បានផ្ដួចផ្ដើមរៀបចំកិច្ចប្រជុំមួយជាមួយអតីតសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងសង្រ្គាមកូរ៉េ នៅប្រទេសកាណាដា នៅថ្ងៃទី១៦ ខែមករានេះសំដៅរកវិធីដោះស្រាយ លើបញ្ហាអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងដែលបានចាត់ទុកថា ជំនួបនេះគឺសកម្មភាពប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។
«ការចូលរួម និងសកម្មភាពដោយស្មោះត្រង់របស់កូរ៉េខាងជើង ក្នុងកិច្ចប្រឹងប្រែងនៅដើមឆ្នាំថ្មីនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងនៅក្នុងប្រទេស និងបរទេស។ ប៉ុន្តែសហរដ្ឋអាមេរិកទៅវិញទេ ដែលមិនចង់បានសន្តិភាព និងស្ថេរភាពនៅលើឧបទ្វីបកូរ៉េ»។ នេះបើតាម Rodong Sinmun។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ នាវាដឹកយន្តហោះចម្បាំង USS Carl Vinson របស់អាមេរិក កំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ដោយអមជាមួយ និងនាវាចម្បាំងបំពាក់ដោយមីស៊ីលប្រដេញប៉ុន្មានគ្រឿងទៀត។ នាវាដឹកយន្តហោះចម្បាំងនេះត្រូវគេរំពឹងថា នឹងទៅដល់ក្បែរតំបន់ឧបទ្វីបកូរ៉េ នាដើមខែកុម្ភៈខាងមុខ ពោលគឺនៅចំពេលដែលព្រឹត្តិការណ៍កីឡាអូឡាំពិក Pyeongchang ឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅលើទឹកដីកូរ៉េខាងត្បូង៕