(វ៉ាស៊ីនតោន)៖ នាវាដឹកយន្តហោះចម្បាំង USS Carl Vinson របស់អាមេរិក កំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ដោយអមជាមួយនិងនាវាចម្បាំងបំពាក់ដោយមីស៊ីលប្រដេញប៉ុន្មានគ្រឿងទៀត ខណៈអ្នកតំណាងមកពីទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល បើកកិច្ចពិភាក្សាជាលើកដំបូង នៅព្រំដែនអន្តរកូរ៉េ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកអាមេរិក នាវាយោធាដែលដើរដោយថាមពលនុយក្លេអ៊ែរនេះ បានចេញដំណើរពីកំពង់ផែនៃក្រុង សេន ឌីអេហ្គោ (San Diego) កាលពីសប្តាហ៍មុន សម្រាប់ការចល័តដែលត្រូវបានគ្រោងទុក តាំងពីយូរមកហើយ។ ស្របពេលជាមួយគ្នា នាថ្ងៃអង្គារនេះ កូរ៉េខាងជើងបានបញ្ជូនក្រុមមន្រ្តីតំណាងជាន់ខ្ពស់របស់ខ្លួន ទៅកាន់កូរ៉េខាងត្បូង ដើម្បីជួបចរចាគ្នាជាលើកដំបូង បន្ទាប់ពីកិច្ចសន្ទនាបែបនេះរវាងប្រទេសទាំងពីរ ត្រូវបានផ្អាកអស់រយៈពេលជិត ០២ឆ្នាំ មកហើយ។
គួរជម្រាបថា នាវាដឹកយន្តហោះចម្បាំងខាងលើត្រូវគេរំពឹងថា នឹងទៅដល់ក្បែរតំបន់ឧបទ្វីបកូរ៉េ នាដើមខែកុម្ភៈខាងមុខ ពោលគឺនៅចំពេលដែលព្រឹត្តិការណ៍កីឡាអូឡាំពិក Pyeongchang ឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅលើទឹកដីកូរ៉េខាងត្បូង។ ម៉្យាងវិញទៀត ក្នុងឱកាសនៃកិច្ចចរចានេះ ភាគីកូរ៉េខាងជើង ក៏បានបញ្ជាក់ផងដែរថា ខ្លួននឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ ព្រមទាំងអត្តពលិកឲ្យទៅចូលរួមការប្រកួតកីឡាអន្តរជាតិនេះ៕