(ហាណូយ)៖ តុលាការវៀតណាម បានចាប់ផ្ដើមដំណើរការសវនាការរបស់ខ្លួននៅថ្ងៃចន្ទសប្ដាហ៍នេះ លើសំណុំរឿងពុករលួយរបស់នាយកប្រតិបត្តិ និងមន្ត្រីវៀតណាម ២២នាក់ នៅក្នុងក្រុមហ៊ុនប្រេងរបស់រដ្ឋ និងវិស័យធនាគារ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន BBC នារសៀលថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមសារព័ត៌មានវៀតណាម ជនសង្ស័យទាំង ២២នាក់ រួមមានអតីតនាយកក្រុមហ៊ុនប្រេងរដ្ឋវៀតណាម Petro Vietnam Construction លោក Trinh Xuan Thanh និងអតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សកុម្មុយនីស្ដវៀតណាម លោក Dinh La Thang។ ដោយឡែក ជុំវិញសំណុំរឿងនេះដែរ រដ្ឋាភិបាលអាល្លឺម៉ង់ធ្លាប់បានអះអាងថា លោក Thanh ត្រូវបានទីភ្នាក់ងារចារកម្មវៀតណាម ចាប់ខ្លួននិងបញ្ជូនពីទីក្រុងប៊ែរឡាំង មកកាន់ប្រទេសវៀតណាមកាលពីខែកក្កដាកន្លងទៅ ប៉ុន្តែទីក្រុងហាណូយនិយាយថា គាត់បានយល់ព្រមត្រឡប់មកផ្ទះវិញដោយស្ម័គ្រចិត្ត។
លោក Thanh ត្រូវបានគេចោទប្រកាន់ពីបទពុករលួយក្នុងទឹកប្រាក់ជាង ១៥០លានដុល្លារ ដែលអាចឱ្យលោកប្រឈមមុខនឹងទោសប្រហារជីវិត រីឯលោក Dinh La Thang ជាអតីតសមាជិកការិយាល័យ នយោបាយបក្សកុម្មុយនីស្ដវៀតណាម ក៏អាចនឹង ជាប់ពន្ធនាគារ ២០ឆ្នាំ ផងដែរក្រោមបទចោទប្រកាន់ថា បានធ្វើឱ្យបាត់លុយអស់រាប់លានដុល្លារនៅក្នុងក្រុមហ៊ុន Petro Vietnam ខណៈជនសង្ស័យមួយចំនួនទៀត អាចទទួលទោសប្រហារជីវិត ឬជាប់ពន្ធនាគារ ២០ឆ្នាំ បើសិនតុលាការរកឃើញទោសកំហុសមែននោះ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរវៀតណាម សំណុំរឿងពុករលួយខាងលើមានជាប់ពាក់ព័ន្ធនឹងការធ្វើបាត់បង់ថវិការដ្ឋសរុបជាង ១៥.៥ទ្រីលានដុង ឬ ៦៨២.៥៥លានដុល្លារអាមេរិក ហើយសវនាការក្ដីនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី២១ ខែមករានេះ៕