(សេអ៊ូល)៖ ទីបំផុតតំណាងមកពីកូរ៉េខាងជើងបានសម្រេចថា ខ្លួននឹងបញ្ជូនក្រុមប្រតិភូជាន់ខ្ពស់ ព្រមទាំងអត្តពលិក ឲ្យមកចូលរួមក្នុងការប្រកួតកីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅក្នុងទឹកដីកូរ៉េខាងត្បូង នាខែកុម្ភៈខាងមុខនេះហើយ។ នេះបើតាមការអះអាងពីរដ្ឋាភិបាលទីក្រុងសេអ៊ូល ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។
ការសម្រេចដែលត្រូវបានចាត់ទុកថាជាភាពវិជ្ជមាន នៃទំនាក់ទំនងប្រសើរឡើងវិញបន្តិចរវាងអតីតបងប្អូនទាំងពីរនេះ បានកើតមានឡើងបន្ទាប់ពី កិច្ចប្រជុំអន្តរកូរ៉េកាលពីម៉ោង ១០៖០០នាទីព្រឹក ថ្ងៃអង្គានេះត្រូវបានរៀបចំឡើង នៅឯភូមិ Panmunjom ហើយមុននេះ លោក Ri Son Gwon តំណាងកូរ៉េខាងជើងបានលើកឡើងដូច្នេះថា «នៅថ្ងៃនេះកូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងចូលរួមក្នុងកិច្ចប្រជុំជាមួយជំហរពិតប្រាកដ និងស្មោះត្រង់... ហើយខ្ញុំសង្ឃឹមថា កិច្ចសន្ទនានេះនឹងទទួលបានលទ្ធផលល្អ»។
គួរបញ្ជាក់ថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានចាប់ផ្តើមចរចាគ្នាជាផ្លូវការ ដោយបានពិភាក្សាគ្នាស្តីពីការបញ្ជូនអត្តពលិកកូរ៉េខាងជើង ទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវរងារនៅឯទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ក្រោយនេះ។ ប៉ុន្តែទន្ទឹមគ្នា បើតាមសារព័ត៌មានកូរ៉េខាងត្បូង ទីក្រុងសេអ៊ូល ទំនងជាអាចនឹងលើកឡើងផងដែរ ពីផ្លូវនាំទៅរកការស្ដារទំនាក់ទំនងឡើងវិញ រវាងកូរ៉េទាំងពីរ ព្រមទាំងការរៀបចំជំនួបគ្រួសារកូរ៉េ ដែលបានព្រាត់ប្រាស់គ្នានៅអំឡុងសម័យសង្រ្គាមកូរ៉េ៕