(កង់បេរ៉ា)៖ ទីបំផុតគូស្នេហ៍ភេទដូចគ្នានៅប្រទេសអូស្រ្តាលី បាននាំគ្នារៀបអាពាហ៍ពិពាហ៍ជាផ្លូវការហើយនាថ្ងៃអង្គារនេះ បន្ទាប់ពីបានទន្ទឹងរង់ចាំយ៉ាងអន្ទះសារអស់រយៈពេល៣០ថ្ងៃមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។
កាលពីខែធ្នូឆ្នាំទៅមិញនេះ សភាអូស្រ្តាលីបានបោះឆ្នោតគាំទ្រយ៉ាងពេញទំហឹង ដើម្បីផ្តល់ភាពស្របច្បាប់ដល់ការរៀបការភេទដូចគ្នា ក្រោយពី ៦១.៦ភាគរយ នៃមនុស្សប្រមាណ ១២.៧លាននាក់ នៅក្នុងការស្ទង់មតិមួយ បានជ្រើសរើសថា «YES»។ ក៏ប៉ុន្តែគូស្នេហ៍ភេទដូចគ្នាទាំងនេះ ត្រូវតែរង់ចាំរយៈពេល ០១ខែ មុនពេលពួកគេអាចភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយគ្នាបាន ដោយសារតែច្បាប់អូស្រ្តាលី តម្រូវឲ្យមានការជូនដំណឹងមុន ៣០ថ្ងៃ នៅមុនពេលដែលមនុស្សពីរនាក់អាចរៀបការបាន។
គួរជម្រាបថា ពេលវេលានៃការរង់ចាំនេះ បានផុតកំណត់នាថ្ងៃអង្គារសប្តាហ៍នេះ ហើយគូស្នេហ៍មួយចំនួន មិនចំណាយពេលឥតប្រយោជន៍នោះឡើយ ដោយចាប់ផ្តើមរៀបការជាមួយគ្នាភ្លាមៗតែម្តង ទាំងកណ្តាលអាធ្រាតឈានចូលថ្ងៃអង្គារនេះ៕