(អាមេរិក)៖ ព័ត៌មានជាច្រើនបានលេចឡើងថា សេតវិមានកំពុងរៀបចំគោលនយោបាយថ្មីមួយមានឈ្មោះថា «ទិញពីអាមេរិក» ដែលនឹងបង្គាប់ដល់អ្នកតំណាងយោធា និងមន្រ្តីទូតអាមេរិកទាំងអស់ ឲ្យធ្វើយ៉ាងណាខិតខំប្រឹងប្រែង ជំរុញរដ្ឋាភិបាលបរទេស ឲ្យទិញសព្វាវុធដែលផលិតឡើងដោយសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។
គោលនយោបាយខាងលើនេះ ក៏ត្រូវបានគេរាយការណ៍ថា មានរួមបញ្ចូលនូវការបន្ធូរបន្ថយលើបទបញ្ញតិនាំចេញ នៃការទិញសម្ភារៈក៏ដូចជាសព្វាវុធយោធាពីសំណាក់បរទេសផងដែរ។ ការកែប្រែបទបញ្ញតិនេះ នឹងផ្តល់ភាពងាយស្រួលជាងមុន សម្រាប់ប្រទេសនានា ក្នុងការទិញយកយន្តហោះចម្បាំង យន្តហោះដ្រូន នាវាចម្បាំង កាំភ្លើងធំ និងគ្រឿងសព្វាវុធផ្សេងទៀតរបស់អាមេរិក។
មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បានបង្ហើបឲ្យដឹងថា គោលនយោបាយថ្មីនេះ នឹងអនុញ្ញាតសម្ព័ន្ធមិត្តអាមេរិក ដែលពុំមែនជាសមាជិកនៃអង្គការ NATO ធ្វើការទិញសព្វាវុធនៅក្នុងចំនួនយ៉ាងច្រើន បានពីសហរដ្ឋអាមេរិក ដែលវាអាចនាំយកចំណូលរាប់ពាន់លានដុល្លារបន្ថែមទៀត ឲ្យក្រុមហ៊ុនចុះកុងត្រាវិស័យការពារជាតិរបស់អាមេរិក។ ជាមួយគ្នានេះ មានមតិខ្លះបានលើកឡើងថា គោលនយោបាយនេះអាចនឹងធ្វើឲ្យសព្វាវុធទំនើបៗថែមទៀត ធ្លាក់ទៅក្នុងតំបន់ជម្លោះនៅអាហ្រ្វិក មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូងជាដើម។
មន្រ្តីខាងលើនេះបានឆ្លើយតបវិញថា កុំឲ្យបារម្ភពីរឿងទាំងនេះថ្វី ព្រោះថាបញ្ហាសិទ្ធិមនុស្សត្រូវបានគិតគូរពិចារណារួចអស់ហើយ ក៏ប៉ុន្តែសហរដ្ឋអាមេរិក ចាំបាច់ត្រូវតែបន្តរក្សាឧត្តមភាពប្រកួតប្រជែង លើគូប្រកួតរបស់ខ្លួនគឺចិន និងរុស្ស៊ី ដែលកំពុងលេចមុខលេចមាត់ឡើង។
គួរជម្រាបថា អត្រានៃការលក់សព្វាវុធរបស់សហរដ្ឋអាមេរិក នៅក្រោមអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា មានការកើនឡើងគួរឲ្យកត់សម្គាល់រួចស្រេចទៅហើយ ហើយវានឹងបន្តបែបនេះទៀត នៅក្រោមរដ្ឋបាល លោក ដូណាល់ ត្រាំ៕