(បង់ក្លាដែស)៖ តុលាការមួយក្នុងប្រទេសបង់ក្លាដែស បានសម្រេចចិត្តរក្សាទុកជាបានការដដែល នូវច្បាប់ដែលហាមមិនឱ្យជនជាតិរ៉ូហ៊ីងយ៉ា រៀបការនៅលើទឹកដីបង់ក្លាដែស ខណៈអ្នកល្មើសនឹងច្បាប់នេះ អាចប្រឈមមុខជាប់ពន្ធនាគារ ០៧ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមច្បាប់តាក់តែងឡើងកាលពីឆ្នាំ២០១៤ បានហាមឃាត់មន្ត្រីអាត្រានុកូលដ្ឋាន ក្នុងការចេញសំបុត្រអាពាហ៍ពាហ៍ដល់គូរស្វាមីមានសញ្ជាតិបង់ក្លាដែស និងជនជាតិរ៉ូហ៊ីងយ៉ា ក្រោយរដ្ឋាភិបាលអះអាងពីការរំលោភបំពាន លើការទទួលបានសិទ្ធិជាពលរដ្ឋបង់ក្លាដែស។ ដោយឡែកទាក់ទិននឹងច្បាប់នេះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅ ក្នុងស្រុកករណីខាងលើត្រូវបានលើកឡើងដោយបុរសម្នាក់ ដែលកូនរបស់គាត់មានអាយុ ២៦ឆ្នាំ បានរត់គេចពីប៉ូលិសចាប់តាំងពីគេបានរៀបការ ជាមួយស្រ្ដីរ៉ូហ៊ីងយ៉ាម្នាក់អាយុ ១៨ឆ្នាំ។
គួរបញ្ជាក់ថា បើតាមច្បាប់ខាងលើបើគេរកឃើញថា ជនជាតិបង់ក្លាដែសណាម្នាក់ ដែលបានរៀបការជាមួយជនជាតិរ៉ូហ៊ីងយ៉ា អាចនឹងប្រឈមមុខជាប់ពន្ធនាគារ ០៧ឆ្នាំ នៅក្នុង បរិបទដែលជនជាតិរ៉ូហ៊ីងយ៉ាជាងពាក់កណ្ដាលលាននាក់ បានភៀសខ្លួនពីមីយ៉ានម៉ា មកកាន់បង់ក្លាដែសកាលពីឆ្នាំ២០១៧៕