BREAKING NEWS (Update): មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងរំពឹងថា «កិច្ចពិភាក្សាមិនធ្លាប់មាន ជិត ០២ឆ្នាំ មកនេះរវាងកូរ៉េទាំងពីរ នឹងទទួលបានលទ្ធផលល្អ»
09-01-2018 09:30
(សេអ៊ូល)៖ ប្រធានក្រុមដឹកនាំកិច្ចចរចាអន្តរកូរ៉េរបស់កូរ៉េខាងជើង លោក រី សុន ក្វុន (Ri Son Gwon) បាននិយាយនៅថ្ងៃអង្គារនេះថា លោករំពឹងថាកិច្ចសន្ទនារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំមកនេះ នឹងទទួលបានលទ្ធផលល្អ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅមុនចូលកិច្ចប្រជុំអន្តរកូរ៉េនៅម៉ោង ១០៖០០នាទីព្រឹក ថ្ងៃអង្គានេះ នៅឯភូមិ Panmunjom លោក Ri Son Gwon បានលើកឡើងដូច្នេះថា «នៅថ្ងៃនេះកូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងចូលរួមក្នុងកិច្ចប្រជុំជាមួយជំហរពិតប្រាកដ និងស្មោះត្រង់... ហើយខ្ញុំសង្ឃឹមថា កិច្ចសន្ទនានេះនឹងទទួលបានលទ្ធផលល្អ»។
គួរបញ្ជាក់ថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានចាប់ផ្តើមចរចាគ្នាជាផ្លូវការហើយ ដើម្បីពិភាក្សាគ្នាស្តីពីការបញ្ជូនអត្តពលិកកូរ៉េខាងជើង ទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវរងារនៅឯទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ក្រោយនេះ។ ប៉ុន្តែទន្ទឹមគ្នា បើតាមសារព័ត៌មានកូរ៉េខាងត្បូង ទីក្រុងសេអ៊ូល ទំនងជាអាចនឹងលើកឡើងផងដែរ ពីផ្លូវនាំទៅរកការស្ដារទំនាក់ទំនងឡើងវិញ រវាងកូរ៉េទាំងពីរ ព្រមទាំងការរៀបចំជំនួបគ្រួសារកូរ៉េ ដែលបានព្រាត់ប្រាស់គ្នានៅអំឡុងសម័យសង្រ្គាមកូរ៉េ៕