(ឧបទ្វីប)៖ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានចាប់ផ្តើមចរចាគ្នាជាផ្លូវការលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាង២ឆ្នាំនៅថ្ងៃអង្គារនេះ ដោយពិភាក្សាស្តីពីការបញ្ជូនអត្តពលិកកូរ៉េខាងជើង ទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវរងារនៅខែក្រោយ។
ការជួបចរចាគ្នាចាប់ផ្តើមនៅម៉ោង១០៖០០នាទីព្រឹក(ម៉ោងនៅក្នុងតំបន់) ថ្ងៃអង្គារនេះនៅឯភូមិ Panmunjom ដើម្បីពិភាក្សាគ្នាស្ដីពី ការបញ្ជូនអត្តពលិកកូរ៉េខាងជើង ឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាពិករដូវរងារនៅទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង។
សូមជំរាបថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC នៅថ្ងៃចន្ទម្សិលមិញ បានសម្រេចចិត្តពន្យាពេលថ្ងៃផុតកំណត់ ដើម្បីទុកពេលឱ្យកូរ៉េខាងជើង បញ្ជូនអត្តពលិកទៅចូលរូម កីឡាអូឡាំពិករដូវរងារ ក្នុងទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង នៅខែក្រោយនេះ។
ការសម្រេចចិត្តបែបនេះរបស់ OIC ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង យល់ព្រមទទួលយកសំណើសុំចរចាពីកូរ៉េខាងត្បូង។ ជាងនេះទៅទៀត អ្នកតំណាង OIC ម្នាក់ក៏ធ្លាប់បានបញ្ជាក់ដែរថា ទីក្រុងព្យុងយ៉ាងទំនងជាអាចនឹងបញ្ជូនអត្តពលិករបស់ខ្លួនទៅកាន់ទីក្រុង Pyeong Chang ដើម្បីចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិចរដូវងារនៅទីនោះពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈក្រោយនេះ៕