(ប៉េកាំង)៖ ឧបនាយករដ្ឋមន្ត្រីចិន លោក Wang Yang នៅថ្ងៃចន្ទនេះ បានបង្ហាញនូវក្តីរំពឹងថា សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក នឹងបន្តដើរតួនាទីវិជ្ជមានមួយ នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទ្វេភាគី រវាងប្រទេសទាំងពីរ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយឲ្យដឹងនៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ។
លោក Wang Yang បានលើកឡើងដូច្នេះ នៅក្នុងជំនួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក នារដ្ឋធានី Beijing ។
«ក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំជាងគេបំផុត នៅលើពិភពលោក, ចិន និងសហរដ្ឋអាមេរិក គួរតែចែករំលែកផលប្រយោជន៍រវាងគ្នានឹងគ្នា» នេះបើតាមការស្រង់សម្តីលោក Wang។ លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ គឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់ សម្រាប់ភាគីទាំងពីរ។ «ការផ្លាស់ប្តូរដំណើរទស្សនកិច្ចដ៏ជោគជ័យ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កាលពីឆ្នាំមុន បានបង្កើនការអភិវឌ្ឍទំនាក់ទំនង ចិននិងសហរដ្ឋអាមេរិក» នេះបើតាមលោក Wang បានបន្ថែម។
លោកបានបង្ហាញក្តីរំពឹងថា សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក នឹងបន្តធ្វើការរួមចំណែកថ្មី ដើម្បីបង្កើនស្ថេរភាព រយៈពេលយូរអង្វែង និងការអភិវឌ្ឍ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងចិន-សហរដ្ឋអាមេរិក៕