(សេអ៊ូល)៖ គណៈកម្មាធិការអូឡាំពិចអន្តរជាតិ IOC នៅថ្ងៃចន្ទនេះ បានសម្រេចចិត្តពន្យាពេលថ្ងៃផុតកំណត់ ដើម្បីទុកពេលឱ្យកូរ៉េខាងជើងបញ្ជូនអត្តពលិកទៅចូលរូម កីឡាអូឡាំពិចរដូវរងារ ក្នុងទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង នៅខែក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។
ការសម្រេចចិត្តបែបនេះរបស់ OIC ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង យល់ព្រមទទួលយកសំណើសុំចរចាពីកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ ជាងនេះទៅទៀត អ្នកតំណាង OIC ម្នាក់ក៏ធ្លាប់បានបញ្ជាក់ដែរថា ទីក្រុងព្យុងយ៉ាងទំនងជាអាចនឹងបញ្ជូនអត្តពលិករបស់ខ្លួនទៅកាន់ទីក្រុង Pyeong Chang ដើម្បីចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិចរដូវងារនៅទីនោះពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈក្រោយនេះ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងកូរ៉េខាងជើង នឹងផ្ដើមជួបចរចាគ្នានៅម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ថ្ងៃអង្គារស្អែកនេះនៅឯភូមិ Panmunjom ដើម្បីពិភាក្សាគ្នាស្ដីពី ការបញ្ជូនអត្តពលិកកូរ៉េខាងជើង ឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាពិករដូវរងារនៅទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង៕