(ប៉េកាំង)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron ត្រូវបានទទួលស្វាគមន៍ដោយ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi នៅអំឡុងពេលដែលលោក បានធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំង ប្រទេសចិន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ ចុះផ្សាយនៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨។
ប្រធានាធិបតីបារាំង បាននឹងកំពុងបំពេញដំណើរទស្សនៈកិច្ចជាផ្លូវការ ទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃពុធ (ថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា ) ហើយ ដំណើរទស្សនៈកិច្ចនេះ ត្រូវបានធ្វើឡើងដើម្បីបង្កើនទំនាក់ទំនងបន្ថែមទៀត រវាងប្រទេសទាំងពីរ។
គួរជម្រាបថា យោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយឲ្យដឹង កាលពីសប្តាហ៍មុន បានឲ្យដឹងថា ក្រុមហ៊ុនផលិតយន្តហោះ របស់ប្រទេសបារាំង Airbus បាននឹងកំពុងស្ថិតនៅក្នុងការពិភាក្សាគ្នា ដើម្បីលក់យន្តហោះចំនួន១០០គ្រឿង ឬក៏ច្រើនជាងនេះ ទៅកាន់ប្រទេសចិន នៅអំឡុងពេលដំណើរទស្សនៈកិច្ច របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ទៅកាន់រដ្ឋធានី Beijing របស់ចិននាពេលនេះ។
លោក Macron បានធ្វើដំណើរទស្សនៈកិច្ច ទៅកាន់ប្រទេសចិននាពេលនេះ មានការអមដំណើរ ពីនាយកប្រតិបត្តិ នៃក្រុមហ៊ុនចំនួន៥០នាក់ ក្នុងនោះរួមទាំងក្រុមមន្ត្រី ផលិតយន្តហោះមកពីក្រុមហ៊ុន Airbus ផងដែរ។ ប្រសិនបើកិច្ចព្រមព្រៀង នៃការទិញយន្តហោះ ប្រមាណ១០០គ្រឿងនេះ ត្រូវបានធ្វើឡើងមែននោះ កិច្ចព្រមព្រៀងនេះ នឹងមានជាង១០ពាន់លានដុល្លារអាមេរិក៕