(អ៊ីស្លាម៉ាបាដ)៖ រដ្ឋាភិបាលប៉ាគីស្ថាន កំពុងពិចារណាលើការបិទច្រកផ្លូវ ដែលអាមេរិក ប្រើប្រាស់ដើម្បីបញ្ជូនទ័ព និងសម្ភារៈផ្គត់ផ្គង់ទៅកាន់អាហ្វហ្គានីស្ថាន ដោយឆ្លងកាត់តាមទឹកដីរបស់ខ្លួន នៅចំពោះមុខភាពតានតឹងផ្នែកការទូត រវាងទីក្រុងអ៊ីស្លាម៉ាបាដ និងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។
បើតាមការដកស្រង់សម្តីពីក្រុមមន្រ្តីជាន់ខ្ពស់ នៅក្នុងក្រសួងការបរទេសប៉ាគីស្ថាន ទីក្រុងអ៊ីស្លាម៉ាបាដ កំពុងពិគ្រោះពិភាក្សាលើចំណាត់ការខាងលើ ក៏ប៉ុន្តែសេចក្តីសម្រេចនៅមិនទាន់ធ្វើឡើងយ៉ាងណានៅឡើយទេ ខណៈសារព័ត៌មាន The Nation របស់ប្រទេសអាស៊ីខាងត្បូងមួយនេះ បានលើកឡើងថា វាអាចជាការឆ្លើយតប ចំពោះវិធានការការទូត ដែលធ្វើឡើងមកលើប៉ាគីស្ថាន ដោយសហរដ្ឋអាមេរិក។
កាលពីដើមខែមករានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទរដ្ឋាភិបាលអ៊ីស្លាម៉ាបាដពី ការផ្តល់ទីជម្រកសុវត្ថិភាពឲ្យក្រុមភេរវករ ខណៈទទួលបានជំនួយសរុបរាប់ពាន់លានដុល្លារពីអាមេរិក។ រីឯកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានប្រកាសថា សហរដ្ឋអាមេរិកកំពុងចាត់វិធានការផ្អាកការផ្តល់បរិក្ខាយោធាក៏ដូចជាជំនួយផ្នែកសន្តិសុខផ្សេងៗទៀត ទៅកាន់ប៉ាគីស្ថាន។ បើតាមលោកស្រីអ្នកនាំពាក្យ ការសម្រេចបែបនេះ គឺដោយសារតែភាពអសកម្ម របស់អាជ្ញាធរប៉ាគីស្ថាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ។
គួរជម្រាបថា សហរដ្ឋអាមេរិកបានរក្សាវត្តមានយោធារបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេលជិត ១៧ឆ្នាំហើយ ក្រោយមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅឯរដ្ឋធានីវ៉ាស៊ីនតោន និងក្រុងញូយ៉ក។ កងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន កំពុងទទួលបានការផ្គត់ផ្គង់ស្បៀងអាហារ និងបរិក្ខាយោធា តាមរយៈផ្លូវចេញចូលពីប៉ាគីស្ថាន ទៅកាន់អាហ្វហ្គានីស្ថាន៕