(ម៉ានីល)៖ បើទោះជាកំពុងស្ថិតនៅក្រោមការថ្កោទោស និងរិះគន់ពីសំណាក់ក្រុមអង្គការសិទ្ធិមនុស្ស ទាក់ទិននឹងសង្រ្គាមគ្រឿងញៀនក៏ដោយ ក៏ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅតែទទួលបានការទុកចិត្ត និងគាំទ្រខ្លាំងដដែលពីប្រជាជនហ្វីលីពីន។ នេះបើតាមការស្ទង់មតិមួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។
យោងតាមការស្ទង់មតិធ្វើឡើងដោយស្ថាប័ន Pulse Asia Inc កាលពីខែធ្នូ ឆ្នាំ២០១៧ ៨០ភាគរយ នៃមនុស្ស ១,២០០នាក់ មានអាយុចាប់ពី ១៨ឆ្នាំឡើង បានគាំទ្រចំពោះផ្លូវដែល លោក ឌូតឺតេ កំពុដឹកនាំប្រទេស ខណៈ ៨២ភាគរយ និយាយថាពួកគេជឿជាក់លើប្រធានាធិបតីហ្វីលីពីនរូបនេះ។ ដោយឡែក ការស្ទង់មតិនេះដដែល ក៏បានបង្ហាញដែរថា អនុប្រធានាធិបតីហ្វីលីពីន លោកស្រី ម៉ារីយ៉ា លីអូណ័រ រ៉ូប្រេដូ (Maria Leonor Robredo) ទទួលបានការគាំទ្រ ៥៩ភាគរយ រីឯប្រធានព្រឹទ្ធសភាលោក អាគីលីណូ ភីមិនទែល (Aquilino Pimentel) ទទួលបាន ៥៨ភាគរយ។
គួរបញ្ជាក់ថា លោក រូឌ្រីហ្គោ ឌូតឺតេ បានជាប់ឆ្នោត និងឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនផ្លូវការ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ហើយលោកនឹងត្រូវបញ្ចប់អាណត្តិនេះនៅឆ្នាំ២០២២ ខាងមុខ។ លោក ឌូតឺតេ បានព្យាយាមធ្វើតាមពាក្យសន្យារបស់លោក នៅក្នុងការបំបាត់បទឧក្រិដ្ឋកម្មដ៏ក្តៅគគុកក្នុងសង្គម ជាពិសេសជំនួញគ្រឿងញៀន ដែលត្រូវបានប្រជាជនហ្វីលីពីនចាត់ទុកថា ជារឿងធ្ងន់ធ្ងរបំផុតដែលអតីតរដ្ឋបាល លោក ប៊ែនីកណូ អាគីណូ ទី៣ មិនអាចធ្វើការដោះស្រាយបាន ប្រកបដោយប្រសិទ្ធភាពនោះឡើយ៕