(រីយ៉ាដ)៖ សារព័ត៌មាន​អារ៉ាប៊ីសាអូឌីត Al Arabiya នៅថ្ងៃចន្ទ ទី០៨ ខែមករានេះ បានចេញផ្សាយ​រូបថតផ្ដាច់មុខ​ជាច្រើន​សន្លឹក បង្ហាញពីមុខរបស់​កូនប្រុសនៃអតីត មេដឹកនាំក្រុម​អាល់កៃដា អូសាម៉ា ប៊ិនឡាដិន (Osama bin Laden) ឈ្មោះ ហាំស្សា ប៊ិនឡាដិន (Hamza bin Laden​) ជាមួយនឹងបងប្អូន​ប្រុសរបស់គាត់​ នៅក្នុងប្រទេសអ៊ីរ៉ង់។

យោងតាម Al Arabiya រូបថត​ទាំងនោះ បានបង្ហាញពីមុខ​មាត់របស់ Hamza bin Laden ជាទាយាតស្នង​តំណែងមេដឹកនាំ​ក្រុមអាល់កៃដា ដែលមិន​ដែលបង្ហាញពី​មុខមាត់ពិតរបស់ Hamza ឡើយ ក្រៅតែពីបញ្ចេញ​សារសំឡេង នារយៈពេលប៉ុន្មាន​ឆ្នាំថ្មីៗនេះ។ បន្ថែមពី​លើនេះ Al Arabiya ក៏បានចេញផ្សាយ​ផងដែរ​ នូវរូបថតរបស់​កូនប្រុសពីរនាក់ទៀត​របស់ Osama bin Laden គឺ Mohammad និង Laden។ ប៉ុន្តែព្រមពេល​ជាមួយគ្នា សារព័ត៌មាន​អារ៉ាប៊ីសាអូឌីត​មួយនេះ​មិនបានបញ្ជាក់ថា ខ្លួនទទួល​បានរូបថតទាំងនេះ​តាមវិធីណា​នោះទេ។

គួរបញ្ជាក់ថា កូនប្រុសទាំងបីនាក់​របស់ លោក Osama bin Laden បានបែកគ្នា បន្ទាប់ពីពួកគេចាក​ចេញពី​ប្រទេសអ៊ីរ៉ង់ ហើយគេជឿជាក់​ថា រូបថតទាំងនេះ​ត្រូវបានថត នៅពេលពួកគេ​ចាកចេញពី​ប្រទេសអ៊ីរ៉ង់ កាលពីឆ្នាំ២០០៩៕