(អាមេរិក)៖ នៅក្នុងកិច្ចសម្ភាសន៍ដោយឡែកៗពីគ្នា ក្រុមមន្រ្តីជាន់ខ្ពស់អាមេរិកបានព្យាយាមចេញមុខការពារ ការបង្ហោះសារបង្អួតពីប៊ូតុងនុយក្លេអ៊ែរលើប្រព័ន្ធ Twitter របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលពួកគេបានអះអាងថា ជាការគូសបញ្ជាក់ពីក្តីបំណងដ៏មុតមាំរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការទប់ស្កាត់ប្រទេសកូរ៉េខាងជើង មិនឲ្យបង្កសង្រ្គាមនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។
ក្នុងចំណោមនោះ រួមមានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley ដែលបានបង្ហាញការគាំទ្រចំពោះសាររបស់ លោក ដូណាល់ ត្រាំ ដែលបានអួតអាងអំពីទំហំនៃប៊ូតុងអាវុធនុយក្លេអ៊ែរ ជាមួយនិងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន ABC លោកស្រី Nikki Haley បានលើកឡើងថា សេតវិមាននឹងមិនឲ្យកូរ៉េខាងជើងធ្វើតាមតែចិត្ត ដើរអួតអាងគម្រាមគេឯងថា ពួកគេមានប៊ូតុងមួយនៅក្បែរខ្លួន ដែលអាចកម្ទេចសហរដ្ឋអាមេរិកឡើយ ហើយលោកស្រីបានព្រមានវិញថា អាមេរិកក៏អាចកម្ទេចកូរ៉េខាងជើងដែរ ដែលជាហេតុរបបដឹកនាំទីក្រុងព្យុងយ៉ាងផ្ទាល់ គួរតែប្រយ័ត្នបំផុតចំពោះសកម្មភាពរបស់ខ្លួន។
ជាមួយគ្នានេះ នាយកទីភ្នាក់ងារចារកិច្ចអាមេរិក CIA លោក Mike Pompeo ក៏បានបង្ហាញការយល់ស្របជាមួយ លោកស្រី Haley ផងដែរ ដោយលោកបានសង្កត់ធ្ងន់ថា សាររបស់លោក ដូណាល់ ត្រាំ គឺស្របទៅតាមគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការសំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើង។
គួរជម្រាបថា នាដើមសប្តាហ៍នេះលោកប្រធានាធិបតីអាមេរិក បានបង្ហោះសារឌឺដងដាក់លើលោក គីម ជុងអ៊ុន ជុំវិញរឿងកម្លាំងនៃអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដែលភ្លាមៗក្រោយមក បានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំង ពីមជ្ឈដ្ឋានសាធារណៈ៕