(ស៊ីដនី)៖ អាជ្ញាធរអូស្រ្ដាលីបានឱ្យដឹងថា ទីក្រុងស៊ីដនីបានជួបបទពិសោធន៍ថ្មីនៃរលកកម្ដៅក្ដៅបំផុតមួយ ក្នុងរយៈពេល ៧៩ឆ្នាំ មកនេះជាមួយសីតុណ្ហភាពកើនដល់ ៤៧.៣អង្សាសេ កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរក្នុងតំបន់ រលកកម្ដៅនៅក្នុងទីក្រុងស៊ីដនី នៃរដ្ឋ New South Wales បានបង្ខំឱ្យអាជ្ញាធរចេញបម្រាម មិនឱ្យបង្កាត់ភ្លើងនៅទូទាំងរដ្ឋ រីឯការព្រមានពី គ្រោះអគ្គីភ័យក៏ត្រូវបានប្រកាស នៅតាមតំបន់មួយចំនួនក្នុងទីក្រុងមួយនេះផងដែរ។ ជាងនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធមួយផ្នែកគំាងដំណើរការ ខណៈផ្ទះជាង ៣,០០០ខ្នង គ្មានអគ្គីសនីប្រើប្រាស់ ហើយការធ្វើចរាចរណ៍ត្រូវបានពន្យាពេលរវាងទីក្រុងស៊ីដនី និងទីក្រុងមែលបឺន (Melbourne) ដែលមានប្រជាជនរស់នៅច្រើនថែមទៀតផង។
គួរបញ្ជាក់ថា អូស្ត្រាលីធា្លប់ទទួលរងសីតុណ្ហភាពក្ដៅបំផុតកម្រិត ៤៧.៨អង្សសេ កាលពីឆ្នាំ១៩៣៩ ហើយខណៈដែលតំបន់ផ្សេងទៀតលើលោក កំពុងតែរងភាពត្រជាក់ខ្លាំងនោះ ទីក្រុងដ៏ធំបំផុតនៅប្រទេសនេះបែរជារងកម្តៅក្តៅខ្លាំង មិនធ្លាប់មានជិត ០៨ទសវត្សរ៍ ទៅវិញ៕