(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោកបានសម្រេចចិត្តពន្យាពេល ការប្រកាសពីជ័យលាភីដែលនឹងត្រូវទទួល «ពានរង្វាន់ព័ត៌មាន បោកប្រាស» ឬ «Fake News Awards» របស់លោកប្រចាំឆ្នាំ ២០១៧ ទៅថ្ងៃពុធ ទី១៧ ខែមករាវិញ ដើម្បីទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពានរង្វាន់ Fake News Awards សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពុករលួយ និងលំអៀងជាងគេបំផុតនឹងត្រូវប្រកាសដល់ជនបរាជ័យទាំងអស់ នៅថ្ងៃពុធ ទី១៧ ខែមករា ជាជាងត្រូវប្រកាសនៅថ្ងៃចន្ទនេះ។ ចំណាប់អារម្មណ៍ និងសារៈសំខាន់ នៃពានរង្វាននេះ គឺធំធេងជាងអ្វីដែលអ្នកគ្រប់គ្នារំពឹងទុក»។
គួរបញ្ជាក់ថា នៅមុនពេល និងក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ឥតសម្ចៃមាត់ លើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួន ដែលលោកចាត់ទុកថា ជាព័ត៌មានបោកប្រាស (Fake News) ក្រោយពួកគេបានចុះផ្សាយរិះគន់រូបលោក និងគោលនយោបាយនៃរដ្ឋបាលរបស់លោកជាបន្តបន្ទាប់។ ចំណែកឯសារព័ត៌មានដែល លោក ត្រាំ តែងតែហៅថាជា Fake News មានដូចជា CNN, New York Times និង Washington Post ជាដើម៕