(វ៉ាស៊ីនតោន)៖ លោក Mike Pompeo នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA បានអះអាងថា ការអត្ថាធិប្បាយលើ Twitter នាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយការប្រៀបធៀបរវាងប៊ូតុងនុយក្លេអ៊ែរអាមេរិក និងកូរ៉េខាងជើងបង្ហាញយ៉ាងច្បាស់ថា គោលនយោបាយអាមេរិកបានធ្វើឱ្យ លោក គីម ជុងអ៊ុន យល់ព្រមត្រឡប់ក្រោយ និងទទួលយកសំណើសុំចរចារបស់កូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។
កាលពីថ្ងៃអង្គារ សប្ដាហ៍មុន លោក ដូណាល់ ត្រំា បានសរសេរនៅលើ Twitter ថាលោកមានប៊ូតុងនុយក្លេអ៊ែរធំ និងខ្លាំងជាងប៊ូតុងនុយក្លេអ៊ែរ របស់លោក គីម ជុងអ៊ុន ជាការឆ្លើយតបនឹងការព្រមានប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាយប្រហារលើសហរដ្ឋអាមេរិក ពីសំណាក់ទីក្រុងព្យុងយ៉ាង។ ជុំវិញការលើកឡើងនេះដែរ លោក Pompeo យល់ថា ការអួតអាងរបស់លោក ត្រាំ បានបញ្ជាក់ពីគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោន មិនទទួលស្គាល់កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរ។
លោក Pompeo បានគូសបញ្ជាក់ដូច្នេះថា «គាត់ (លោក គីម ជុងអ៊ុន) កំពុងស្វែងរកកន្លែងឈរជើង ដើម្បីដើរត្រឡប់ក្រោយ... ហើយនៅពេលដែលគាត់យល់ថា វាជាការគំរាមកំហែង គាត់នឹងព្យាយាមធ្វើ ឱ្យវាមានភាពស្ងប់ស្ងាត់។ ដូច្នេះអ្នកនឹងបានឃើញកាន់តែច្បាស់ថា រដ្ឋបាលមួយនេះនឹងមិនដើរតាមគន្លងរដ្ឋបាលមុនៗនោះទេ»។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងកូរ៉េខាងជើង នឹងផ្ដើមជួបចរចាគ្នានៅម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ថ្ងៃអង្គារស្អែកនេះនៅឯភូមិ Panmunjom ដើម្បីពិភាក្សាគ្នាស្ដីពី ការបញ្ជូនអត្តពលិកកូរ៉េខាងជើង ឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាពិករដូវរងារនៅទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨៕