(អាមេរិក)៖ តារាវិទូមួយក្រុមកំពុងតែប្រើប្រាស់វីធីសាស្រ្តថ្មីមួយ ដើម្បីតាមរុករកភពអេលៀន (នៅក្រៅប្រព័ន្ធព្រះអាទិត្យ) ដែលពិបាកប្រទះឃើញ ដោយតាមរយៈការវាស់ស្ទង់លើកម្រិតខុសគ្នា រវាងពន្លឺដែលចេញពីផ្នែកខាងថ្ងៃ និងខាងយប់នៃភពទាំងនោះ មកទល់នេះពួកគេបានប្រទះឃើញភពថ្មីចំនួន ៦០ ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីវែបសាយ Space.com នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។
ក្រុមអ្នកស្រាវជ្រាវខាងលើ បានប្រើប្រាស់ទិន្នន័យពីកែវយឺតអវកាស Kepler របស់អង្គការ NASA ដើម្បីអនុវត្តទៅលើវីធីសាស្រ្តរបស់ពួកគេ។ បន្ទាប់ពីបានចំណាយពេលបង្វឹកកុំព្យូទ័រ ឲ្យតាមប្រមាញ់រកភពអេលៀន ក្រុមអ្នកវិទ្យាសាស្រ្ត បានប្រើប្រាស់ម៉ាស៊ីននេះ ទៅលើផ្កាយជាង ១៤០,០០០ដួង។ សម្រាប់ជំហ៊ានដំបូង ពួកគេបានដាក់គោលដៅទៅលើតែប្រព័ន្ធផ្កាយណា ដែលពុំមានផ្ទុកភពប៉ុណ្ណោះ (ទោះបីជាប្រព័ន្ធខ្លះក្នុងចំណោមនោះ ត្រូវគេសង្ស័យថា មានផ្ទុកភពក៏ដោយ)។ កម្មវិធីនៃប្រព័ន្ធកុំព្យូទ័រ បានពិនិត្យមើលទៅលើការប្រែប្រួលនៃកម្រិតពន្លឺ ចេញពីមកពីប្រព័ន្ធផ្កាយនីមួយៗ ដែលអាចបណ្តាលមក ការមើលឃើញរបស់ Kepler ចំពោះផ្នែកខាងថ្ងៃ និងផ្នែកខាងយប់បន្តបន្ទាប់គ្នា របស់ភពដែលគោចរនៅក្បែរនោះ។
ក្រុមអ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា ពួកគេកំពុងតាមស្វែងរកពន្លឺ ដែលភពអេលៀន ចាំងផ្លាតពីផ្កាយមេរបស់ពួកវា ហើយពួកគេកំពុងប្រើប្រាស់កម្មវិធី ដើម្បីរុករកភពក្រៅប្រព័ន្ធព្រះអាទិត្យ ដែលបានរួចផុតពីក្រសែភ្នែករបស់កែវយឺត Kepler។
គួរជម្រាបថា ជាទូទៅ Kepler បានធ្វើការតាមរកភព តាមរយៈវីធីសាស្រ្តបែបចាស់គំរិលមួយផ្សេងទៀត។ ខណៈភពមួយធ្វើដំណើរឆ្លងកាត់ផ្កាយរបស់វា កម្រិតនៃពន្លឺដែលកែវយឺត Kepler ឃ្លាំមើលធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយសារតែវាត្រូវបានបាំងដោយភពដ៏សែនឆ្ងាយមួយនោះ ហើយកម្រិតពន្លឺក៏កើនឡើងវិញ នៅពេលដែលភពនោះឆ្លងផុតទៅ។ វីធីសាស្រ្តខាងលើ ក៏វិភាគទៅលើថា តើពន្លឺរបស់ផ្កាយមានការប្រែប្រួលបែបណា ដោយសារតែការឆ្លងកាត់របស់ភពផងដែរ ប៉ុន្តែនៅក្នុងរបៀបមួយផ្សេងទាំងស្រុង។
បើតាមទិន្នន័យផ្លូវការកាលពីចុងឆ្នាំ២០១៧ ដែលគេទទួលបានពីអង្គការ NASA គឺភពសរុបផ្លូវការចំនួន ៣,៥៧២ ត្រូវបានរកឃើញ ដោយកែវយឺតអវកាសនានា ព្រមទាំងតេឡេស្កូបពីលើផែនដី ហើយបន្ថែមពីនេះ អ្វីដែលកាន់តែនាំឲ្យយើងរំភើប និងចង់ឲ្យក្លាយជាការពិតឆាប់ៗនោះ គឺភពប្រមាណ ៥,០៧៨ ទៀតកំពុងត្រូវបានក្រុមតារាវិទូ ធ្វើការអង្កេតបន្តដើម្បីកំណត់ថា ពួកវាពិតជាមានវត្តមាន ហើយទើបកត់ចូលទៅក្នុងបញ្ជី នៃភពផ្លូវការដែលត្រូវបានរកឃើញ៕