(វ៉ាស៊ីនតោន)៖ អតីតទីប្រឹក្សាយុទ្ធសាស្រ្តសេតវិមាន លោក ស្ទេវ ប៊ែនណុន (Steve Bannon) ទីបំផុតបានចេញមុខសូមទោសចំពោះពាក្យសម្តីទាំងប៉ុន្មាន ដែលរូបលោកបានធ្វើឡើង និងត្រូវបានគេដកស្រង់ នៅក្នុងសៀវភៅទើបបោះពុម្ពដ៏ចម្រូងចម្រាសមួយ ដែលគាស់កកាយពីរឿងផ្ទៃក្នុងនៅសេតវិមាន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។
យោងតាមសេចក្តីថ្លែងការណ៍ ដែលសារព័ត៌មាន Axios ទទួលបាន លោក Bannon បាននិយាយថា លោកមានការសោកស្តាយជាខ្លាំង ដែលការយឺតយ៉ាវរបស់លោក ក្នុងការឆ្លើយតបចំពោះសេចក្តីរាយការណ៍ព័ត៌មានមិនត្រឹមត្រូវ ទាក់ទិននឹងលោក ដូណាល់ ត្រាំ ជូនា (Donald Trump Jr.) បានបង្វែរចំណាប់អារម្មណ៍មហាជន ពីសមិទ្ធផលជាប្រវត្តិសាស្រ្តក្នុងឆ្នាំដំបូង នៃអាណត្តិដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
ក្រោយពីមិនបានចេញមុខបកស្រាយអស់រយៈពេល ០៥ថ្ងៃមក ទីបំផុតលោក Steve Bannon បានលើកឡើងថា «លោក Donald Trump Jr. គឺជាអ្នកស្នេហាជាតិ និងជាបុរសដ៏ល្អម្នាក់។ លោកបានខិតខំប្រឹងប្រែងជាខ្លាំង ក្នុងកិច្ចគាំទ្រដល់ឪពុករបស់លោក រួមទាំងរបៀបវារៈផ្សេងៗ ដែលបានជួយផ្លាស់ប្តូរមុខមាត់ប្រទេសរបស់យើង»។ លោក Bannon បានបន្ថែមទៀតថា ការគាំទ្ររបស់លោក ចំពោះប្រធានាធិបតី ដូណាល់ ត្រាំ គឺគ្មានការងាករេឡើយ។
គួរជម្រាបថា បើតាមការដកស្រង់ខ្លឹមសារមួយចំនួន ចេញពីសៀវភៅមួយក្បាលមានចំណងជើងថា «Fire and Fury: Inside the Trump White House» លោក Steve Bannon ត្រូវគេស្រង់សម្តីថា រូបលោកបានចាត់ទុកជំនួបកាលពីឆ្នាំ២០១៦ នៅឯអគារពាណិជ្ជកម្ម Trump Tower រវាងមេធាវីរុស្ស៊ីម្នាក់ ដែលអាចមានទំនាក់ទំនងនឹងវិមានក្រឹមឡាំង ហើយនិងកូនប្រុសបណ្តូលចិត្តរបស់ លោក ត្រាំ ព្រមទាំងកូនប្រសារប្រុសរបស់លោក ថាជារឿងក្បត់ជាតិ និងគ្មានការស្នេហាជាតិ។ បន្ទាប់មក លោក ត្រាំ បានឆ្លើយតបភ្លាមៗថា លោក Bannon មិនត្រឹមបាត់បង់មុខតំណែងទេ តែបានបាត់បង់សតិទៀតផង ហើយអតីតមន្រ្តីយុទ្ធសាស្រ្តដ៏សំខាន់រូបនេះ ពុំមានឥទ្ធិពលអ្វីបន្តិចឡើយ នៅក្នុងរដ្ឋាភិបាលរបស់លោក៕