(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ស៊ើបការណ៍សំងាត់អាមេរិក CIA លោក ម៉ៃក៍ ប៉ុមព្យ៉ូ (Mike Pompeo) បាននិយាយថា ប្រទេសរុស្ស៊ី និងបណ្ដាប្រទេសដទៃមួយចំនួន កំពុងព្យាយាមបំផ្លាញ ការបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក រួមមានទាំងការបោះឆ្នោតសភាអាមេរិកពាក់កណ្ដាលអាណត្តិ នៅខែវិច្ឆិកាខាងមុខនេះ ជាពេលដែលក្រុមអ្នកសាធារណៈរដ្ឋ ស្វះស្វែងបន្តគ្រប់គ្រងសភាបន្តទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។
លោក Mike Pompeo ថ្លែងបែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធី Face the Nation របស់ស្ថានីយទូរទស្សន៍ CBS។ នាឱកាសនោះដែរ នាយក CIA រូបនេះបានបញ្ជាក់ជាថ្មីថា រុស្ស៊ីបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។
ដោយឡែកនៅពេលអ្នកសារព័ត៌មានសួរថា ទីក្រុងម៉ូស្គូកំពុងព្យាយាមបំផ្លាញការបោះឆ្នោតអាមេរិកដែរ ឬទេ? លោក Pompeo បានឆ្លើយដោយមិនបានបញ្ជាក់លម្អិតយ៉ាងដូច្នេះថា «បាទ! ជាការពិតណាស់ វាបានកើតឡើងជាយូរមកហើយ... ខ្ញុំនៅតែព្រួយបារម្ភ ប៉ុន្តែមិនមែនព្រួយបារម្ភ ចំពោះរុស្ស៊ីតែមួយគត់នោះទេ ត្បិតនៅតែមានប្រទេសមួយចំនួនទៀត ក៏កំពុងជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតអាមេរិកដែរ ខណៈយើងមានសត្រូវមួយចំនួន កំពុងព្យាយាមបំផ្លាញប្រជាធិតេយ្យលោកខាងលិច»។
គួរបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA ធ្លាប់បានសន្និដ្ឋាន និងចោទប្រកាន់ថា រុស្ស៊ី បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ដើម្បីជួយ លោក ដូណាល់ ត្រាំ ផ្ដួលលោកស្រី ហ៊ីលឡារី គ្លីនតុន តាមរយៈការ Hack និងទម្លាយសារអេឡិចត្រូនិករបស់សលោកស្រី គ្លីនតុន។ ប៉ុន្តែទីក្រុង ម៉ូស្គូបានបដិសេធជាច្រើនដង៕