សម្ព័ន្ធបក្សប្រឆាំងនៅម៉ាឡេស៊ី «ជ្រើសតាំងអតីតនាយករដ្ឋមន្ត្រីវ័យ ៩២ឆ្នាំ ធ្វើជាបេក្ខជនត្រៀមឈរឈ្មោះបោះឆ្នោត»
08-01-2018 09:53
(គូឡាឡាំពួ)៖ សម្ព័ន្ធបក្សប្រឆាំងនៃប្រទេសម៉ាឡេស៊ី បានសម្រេចជ្រើសរើសអតីតនាយករដ្ឋមន្រ្តីវ័យ ៩២ឆ្នាំ លោក មហាធា ម៉ូហាម៉ាដ (Mahathir Mohamad) ជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់ខ្លួន សម្រាប់ការបោះឆ្នោតសភា ដែលនឹងប្រព្រឹត្តទៅនាខែសីហាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។
ដោយមេបក្សប្រឆាំងដ៏មានប្រជាប្រិយជាងគេបង្អស់ នៃប្រទេសអាស៊ានមួយនេះ គឺលោក អាន់វ៉ារ អ៊ីប្រាហ៊ីម (Anwar Ibrahim) កំពុងស្ថិតក្នុងពន្ធនាគារ លោក Mahathir ត្រូវបានគេមើលឃើញថា ជាការគម្រាមកំហែងដ៏ធំបំផុត សម្រាប់នាយករដ្ឋមន្រ្តីកំពុងកាន់អំណាច បច្ចុប្បន្ន គឺលោក ណាជីប រ៉ាហ្សាក់ (Najib Razak) ដែលចោមរោមដោយរឿងពុករលួយ។
គួរជម្រាបថា លោក Mahathir ដែលធ្លាប់បានកាន់មុខតំណែងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣នោះ នឹងក្លាយជាមេដឹកនាំចំណាស់ជាងគេបង្អស់លើលោក ប្រសិនបើសម្ព័ន្ធបក្សប្រឆាំង Pakatan Harapan ទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោត ដែលនឹងធ្វើឡើងនៅខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ៕