មនុស្ស៣២នាក់ បាត់ខ្លួននៅក្នុងគ្រោះថ្នាក់កប៉ាល់ពីរគ្រឿង បុកគ្នានៅឆ្នេរភាគខាងកើតប្រទេសចិន
07-01-2018 15:29
(ប៉េកាំង)៖ ក្រសួងដឹកជញ្ជូនចិន នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់ ៣២នាក់បានបាត់ខ្លួន បន្ទាប់ពីកប៉ាល់ពីរគ្រឿងបុកគ្នាពេញមួយទំហឹង នៅឯ ឆ្នេរសមុទ្រភាគខាងកើតប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០១៨។
យោងតាមក្រសួងដឹកជញ្ជូនចិន កប៉ាល់ដឹកប្រេងមួយគ្រឿងឈ្មោះ SANCHI ចុះបញ្ជីនៅក្នុងប្រទេសប៉ាណាម៉ា និងកប៉ាល់ដឹកទំនិញហុងកុងមួយគ្រឿងទៀត បានបុកគ្នា នៅម៉ោងប្រមាណជា ៨៖០០នាទីយប់ ថ្ងៃសៅរ៍ ដោយបណ្ដាលឱ្យកប៉ាល់ដឹងប្រេងផ្ទុះឆេះ ហើយមនុស្ស៣២នាក់បានបាត់ខ្លួន។ ក្រសួងមួយនេះបានបន្ថែមថាក្នុងចំណោម អ្នកបាត់ខ្លួនមានជនជាតិអ៊ីរ៉ង់៣០នាក់ និងបង់ក្លាដែល០២នាក់។
គួរបញ្ជាក់ថា បើតាមក្រសួងដឹកជញ្ជូនចិន សមាជិកនាវិក ២១នាក់ នៅលើកប៉ាល់ដឹកទំនិញ ត្រូវបានជួយសង្រ្គោះរីឯប្រតិបត្តិការជួយសង្រ្គោះកំពុងដំណើរការណ៍ នៅឡើយ ខណៈមូលហេតុនៃគ្រោះថ្នាក់មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ៕