(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់និយាយទូរស័ព្ទជាមួយមេដឹកនាំកូរ៉េខាងជើង ហើយលោកក៏សង្ឃឹមដែរថាកិច្ចសន្ទនា រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល នៅថ្ងៃអង្គារ ទី០៩ ខែមករា នឹងទទួលបានលទ្ធផលវិជ្ជមាន។ ប៉ុន្តែ ការថ្លែងបែបនេះកើតមានឡើងបន្ទាប់ពីលោកត្រាំ អួតពីប៊ូតុង នុយក្លេអ៊ែរជាមួយលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅឯរម្មណីយដ្ឋាន David Camp កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានលើកឡើងដូច្នេះថា៖«ខ្ញុំតែងតែជឿជាក់លើការនិយាយគ្នា...ហើយ សម្រាប់ខ្ញុំគ្មានបញ្ហាឡើយ ខ្ញុំចង់និយាយទូរស័ព្ទជាមួយលោក គីម នៅពេលវេលាសាកសមណាមួយ»។ តែទោះជាយ៉ាងនេះក្ដី ប្រធានាធិបតីអាមេរិករូបនេះ ក៏បាន អះអាងដែរថាកិច្ចសន្ទនាជាមួយលោក គីម ជុងអ៊ុន មិនមែនធ្វើឡើងដោយគ្មានលក្ខខ័ណ្ឌនោះទេ ពោលគឺត្រូវរង់ចាំមើលសិនថាតើកិច្ចសន្ទនារវាងទីក្រុងព្យុយ៉ាង និងទីក្រុងសេអ៊ូល ទទួលបានលទ្ធផលវិជ្ជមានឬក៏យ៉ាងណា។ «យើងមានគោលជំហរយ៉ាងរឹងមំា»។ នេះគឺជាការលើកឡើងរបស់លោកត្រាំ។
គួរបញ្ជាក់ថា គិតចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក គីម និងលោក ត្រាំ បានប្រើពាក្យប្រមាថ និងចំអកដាក់គ្នារាប់មិនអស់ ដូចជាពាក្យ«បុរសគ្រាប់រ៉ុក្កែត ឬក៏មនុស្សរោគចិត្តចាស់គំរិល»ជាដើម។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗ លោកត្រាំថែមទាំងបានអួតពីប៊ូតង់នុយក្លេអ៊ែរជាមួយមេដឹកនាំ កូរ៉េខាងជើងរូបនេះផងដែរ៕