(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បានជូនដំណឹងដល់កូរ៉េខាងត្បូង ថាខ្លួននឹងបញ្ជូនក្រុមប្រតិភូមានសមាជិក០៥រូប ដឹកនាំដោយប្រធានក្រុមកិច្ចចរចាអន្តរកូរ៉េ លោក Ri Son-gwon ដើម្បីចូលរួមកិច្ចពិភាក្សាកម្រិតខ្ពស់រវាងប្រទេសកូរ៉េទាំងពីរ នៅថ្ងៃអង្គារ ទី០៩ ខែមករា។ នេះបើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ដក ស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០១៨។
យោងតាមក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង កូរ៉េខាងជើងនឹងបញ្ជូនក្រុមប្រតិភូ០៥នាក់ ដឹកនាំដោយលោក Ri Son-gwon ជាប្រធានគណៈកម្មាធិការសម្រាប់ការបង្រួប បង្រួមជាតិដោយសន្តិភាពរបស់កូរ៉េខាងជើង ដែលជាទីភ្នាក់ងារមួយទទួលបន្ទុកកិច្ចការអន្តរកូរ៉េ។ ក្រសួងមួយនេះ បានបន្ថែមទៀតថា កូរ៉េទាំងពីរនឹងត្រូវជួបសន្ទនាគ្នា នៅថ្ងៃអង្គារសប្ដាហ៍នេះ នៅឯភូមិ Panmunjom ដើម្បីពិភាក្សាគ្នាជុំវិញការបញ្ជូនអត្តពលិកកូរ៉េខាងជើងឱ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិចរដូវរងារៀបចំឡើងនៅក្នុង ទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូងពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ មករាខាងមុខនេះ។
គួររំលឹកថា កាលពីថ្ងៃពុធកន្លងទៅ ខ្សែទូរស័ព្ទក្រហម (Hotline) រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ត្រូវបើកជាថ្មី បន្ទាប់ពីបានបិទអស់រយៈពេលជិតពីរឆ្នាំមកនេះ។ កូរ៉េខាងជើងបានផ្ដាច់ទូរស័ព្ទក្រហមជាមួយកូរ៉េខាងត្បូងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ជាការឆ្លើយតបនឹងទីក្រុងសេអ៊ូល ដែលបានបិទសួនឧស្សាហកម្ម កែសុង (Kaesong) ជាការឆ្លើយតបនឹងការធ្វើតេស្ដអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕