Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីអាមេរិក៖ បើគ្មានខ្ញុំ ក៏គ្មានកិច្ចចរចារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងដែរ

07-01-2018 10:57

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការសាទរចំពោះកិច្ចចរចាដោយផ្ទាល់រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងស្ដីពីការចូលរួម ព្រឹត្តិការណ៍កីឡាអូឡាំពិចរដូវរងារឆ្នាំ២០១៨ នៅឯក្រុង Pyeongchang នៅខែកុម្ភៈខាងមុខនេះ។ តែព្រមពេលជាមួយ លោកបានអះអាងថាកិច្ចចរចានេះ នឹងមិន អាចកើតឡើងឡើយបើគ្មានរូបគាត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០១៨។

ការថ្លែងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ NBC News កាលពីថ្ងៃសៅរ៍។ ថ្លែងនាឱកាសនោះដែរ លោកត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖« ខ្ញុំចង់ឱ្យពួកគេ (កូរ៉េខាងត្បូង និងកូរ៉េខាងជើង) បន្តចរចាគ្នាបន្ទាប់ពី ព្រឹត្តិការណ៍កីឡាអូឡាំពិច ហើយបើពេលវេលាអំណោយផល យើងនឹង ចូលរួមក្នុងកិច្ចចរចានេះ​។ លោកត្រាំ បន្ថែមថា«បើសិនជាគ្មានខ្ញុំ ក៏គ្មានកិច្ចចរចារវាងពួកគេដែរនៅពេលនេះ ហើយពួកគេនឹងមិនចរចគ្នានោះទេ»

គួរបញ្ជាក់ថា កិច្ចចរចាលើកចុងក្រោយកម្រិតខ្ពស់រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ត្រូវបានធ្វើឡើងម្ដងរួចមកហើយកាលពីខែធ្នូ ឆ្នាំ២០១៥។ ប៉ុន្តែ ភាពតានតឹងរវាង ប្រទេសទាំងពីរបានធូរស្រាលត្រឹមតែរយៈពេលប៉ុណ្ណោះ រីឯកូរ៉េខាងជើងនៅតែបន្តបាញ់សាកល្បងមីស៊ីល និងធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់៕