(អឺរ៉ុប)៖ ប្រធានាធិបតីឆែក លោក Milos Zeman បានព្រមានថា សហភាពអឺរ៉ុបអាចនឹងប្រឈមមុខនឹងលំហូរជនភៀសខ្លួន១០លាននាក់មកពីទ្វីបអាហ្រ្វិក ក្នុងរយៈពេល ប៉ុន្មានឆ្នាំខាងមុខនេះ បើសិនជាមិនព្រមផ្លាស់ប្ដូរគោលនយោបាយបច្ចុប្បន្នរបស់ខ្លួនទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Barrandov TV នៅក្នុងសប្ដាហ៍នេះ លោក Zeman ដែលគេស្គាល់ថាជាអ្នកប្រឆាំងនឹងជនអន្តោប្រវេសន៍ បានលើកឡើងដូច្នេះថា៖« បើសិនជាសហភាពអឺរ៉ុបមិនព្រមធ្វើអ្វីទាល់តែសោះ ក្នុងការពង្រឹងសន្តិសុខព្រំដែនខាងក្រៅរបស់ខ្លួនទេ នោះយើងនឹងប្រឈមមុខនឹងលំហូរ ជនភៀសខ្លួន១០លាននាក់ មកពីទ្វីបអាហ្រិ្វកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ...ហើយលំហូរជនភៀសខ្លួនទាំងនេះនឹងបង្កការគំរាមកំហែងដល់វប្បធម៌អឺរ៉ុប»។
គួរបញ្ជាក់ថា ក្រៅពីសាធារណៈរដ្ឋឆែក ប្រទេសហុងគ្រី និងប៉ូឡូញ ក៏ធ្លាប់បានបង្ហាញការជំទាស់យ៉ាងខ្លាំងផងដែរ ចំពោះគោលនយោបាយអន្តោប្រវេសន៍របស់ សហភាពអឺរ៉ុប ជាពិសេសគឺកូតាទទួលយកជនភៀសខ្លួនតែម្ដង៕