(រីយ៉ាដ)៖ អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានចាប់ខ្លួនព្រះអង្គម្ចាស់១១អង្គ ដែលបាននាំគ្នាធ្វើបាតុកម្មតវ៉ានៅឯព្រះបរមរាជវាំងក្នុងរដ្ឋធានីរីយ៉ាដ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០១៧។
ជុំវិញការឃាត់ខ្លួននេះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ក្រុមព្រះអង្គម្ចាស់ទាំង១១អង្គ បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ នៅព្រះបរមរាជវាំង Qasr al-Hokm ដើម្បីប្រឆាំងជំទាស់ ក៏ដូចជាទាមទារឱ្យលុបចោលនូវព្រះរាជក្រឹតមួយរបស់រដ្ឋាភិបាលដែលបានផ្អាកការជួយចេញថ្លៃទឹក និងភ្លើងសម្រាប់ សមាជិកគ្រួសាររាជវង្ស។ ប៉ុន្តែ អ្នកត្រូវបានចាប់ខ្លួនមិនទាន់ត្រូវបានគេបញ្ជាក់អត្តសញ្ញាណនៅឡើយទេ។
គួរបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត កំពុងព្យាយាមធ្វើកំណែទម្រង់សេដ្ឋកិច្ចដ៏ធំមួយ ដើម្បីស្វែងរកប្រាក់ចំណូលដោយមិនពឹងផ្អែកទាំងស្រុងលើប្រេង ហើយ ការចំណាយសាធារណៈ ក្នុងនោះរួមមានទាំងការជួយឧបត្ថម្ភពីរដ្ឋក៏ស្ថិតនៅក្រោមកំណែទម្រង់នេះដែរ ខណៈទីក្រុងរីយ៉ាដ បាននិងកំពុងតម្លើងតម្លៃប្រេងទ្វេដង និងតម្លើង ពន្ធ៥ភាគរយលើម្ហូបអាហារ សេវាកម្មផ្សេងៗ និងការប្រើប្រាស់ទឹកភ្លើងជាដើម៕