(អាហ្វហ្គានីស្ថាន)៖ មេបញ្ជាការ និងសមាជិកក្រុមសកម្មប្រយុទ្ធ ISIS សរុបចំនួន ២០នាក់ ត្រូវបានគេរាយការណ៍ស្លាប់ នៅក្នុងការវាយប្រហារយ៉ាងក្តៅគគុក ដោយកងទ័ពអាកាសអាហ្វហ្គានីស្ថាន នៅពេញមួយយប់ថ្ងៃសុក្រ សប្តាហ៍នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០១៨។
អ្នកពាក្យយោធា នៃតំបន់ភាគខាងកើតអាហ្វហ្គានីស្ថាន លោក Shirin Aqa Faqiri បានបញ្ជាក់នៅថ្ងៃសៅរ៍នេះថា «យោងតាមរបាយការណ៍ ពីក្រុមស៊ើបការណ៍សម្ងាត់របស់យើង កងកម្លាំងទ័ពអាកាស បានបើកការទម្លាក់គ្រាប់បែកទៅលើ មូលដ្ឋានរបស់ក្រុម ISIS ស្ថិតនៅក្នុងជ្រលង Nurlam នៃស្រុក Alinegar កាលពីយប់ថ្ងៃសុក្រ ដោយក្នុងចំណោមអ្នកស្លាប់ទាំង ២០នាក់ មានពីរនាក់ឈ្មោះ Mawlawi និង Musa គឺជាមេបញ្ជាការពួកគេតែម្តង»។
គួរបញ្ជាក់ថា ខាងក្រសួងការពារជាតិអាហ្វហ្គានីស្ថាន មិនទាន់បានបញ្ជាក់អ្វីបន្ថែម ជុំវិញព័ត៌មាននេះឡើយទេ ហើយខាងក្រុម ISIS វិញក៏មិនមានការឆ្លើយតបអ្វីនៅឡើយដែរ៕