(ព្យុងយ៉ាង)៖ មន្រ្តីតំណាង​កូរ៉េខាងជើង នៅឯគណៈកម្មាធិការអូឡាំពិក​អន្តរជាតិ IOC បានបង្ហើបឲ្យដឹង​នាថ្ងៃសៅរ៍​នេះថា ប្រទេស​កុម្មុយនិស្ត​ដែលស្នេហាវិស័យ​កីឡាមួយនេះ ទំនងជានឹងបញ្ជូនក្រុមអត្តពលិករបស់ខ្លួន ​ទៅចូលរួមក្នុង​ព្រឹត្តិការណ៍​​ប្រកួតកីឡាអូឡាំពិករដូវរងារ​នាខែក្រោយ ដែលនឹង​ប្រព្រឹត្តទៅ​នៅលើទឹកដី​ នៃប្រទេស​កូរ៉េខាងត្បូង។ នេះបើតាម​សេចក្តី​រាយការណ៍​របស់ សារព័ត៌មានជប៉ុន Kyodo ដកស្រង់​ដោយ​​សារព័ត៌មានចិន CGTN នៅរសៀល​ថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០១៨។

ទីភ្នាក់ងារ​ព័ត៌មានជប៉ុន Kyodo បានបញ្ជាក់ថា តំណាង​កូរ៉េខាងជើង​ប្រចាំ IOC លោក Chang Ung បានធ្វើការ​អត្ថាធិប្បាយ​យ៉ាង​ខ្លី​​ខាងលើ ទៅកាន់ក្រុម​អ្នកកាសែត​ក្នុងអំឡុង​ពេលរូបលោក ធ្វើដំណើរឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​​ នៃរដ្ឋធានី​ប៉េកាំង របស់​ប្រទេសចិន។

គួរជម្រាបថា បើតាមទីក្រុង​សេអ៊ូល កូរ៉េខាងជើង​បានទទួលយក​សំណើរបស់ខ្លួន ក្នុងការជួបពិភាក្សាគ្នា​អំពីរឿងចូលរួម​ព្រឹត្តិ​ការ​ណ៍កីឡា​អន្តរជាតិនេះ ពីសំណាក់​ទីក្រុងព្យុងយ៉ាង ដែលនឹងធ្វើឡើង​នៅថ្ងៃទី០៩ ខែមករា ពោលគឺសប្តាហ៍​ក្រោយនេះ។ សំណើ​នោះទៀតសោត ត្រូវបានធ្វើ​ឡើង​បន្ទាប់ពីប្រមុខដឹកនាំកំពូល លោក គីម ជុនអ៊ុន បានបង្ហាញពី​ចេតនាចង់ជួប​ចរចាគ្នា ក៏ដូចជា​ចង់​បញ្ជូនប្រតិភូ​ជាន់ខ្ពស់ទៅចូលរួម​ការប្រកួតកីឡានេះ នៅក្នុងថ្ងៃបើកទំព័រឆ្នាំសកល ២០១៨។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ​ឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តទៅនៅឯទីក្រុង Pyoengchang ប្រទេស​​កូរ៉េ​ខាង​ត្បូង ចាប់ពីថ្ងៃទី០៩ ដល់ទី២៥ ខែកុម្ភៈខាងមុខ៕

]