(តូរ៉ុនតូ)៖ យន្តហោះដឹកអ្នកដំណើរចំនួនពីរគ្រឿង បានប៉ះទង្គិចគ្នានៅក្នុងព្រលានយន្តហោះ Pearson នៃទីក្រុងតូរ៉ុនតូ របស់ប្រទេសកាណាដា នៅយប់ថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែមិនបានបង្កឲ្យមនុស្សណាម្នាក់ រងរបួសនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០១៨។
យន្តហោះទាំងពីរគ្រឿងដែលបានបុកគ្នាខាងលើនេះ គឺមួយគ្រឿងជារបស់អាកាសចរណ៍ Sunwing Airlines របស់កាណាដា និងមួយគ្រឿងទៀតប្រភេទ Boeing 737-800 ជារបស់អាកាសចរណ៍ WestJet Airline នៅក្នុងប្រទេសដូចគ្នា។ សីតុណ្ហភាពនាពេលកើតហេតុ គឺធ្លាក់ចុះដល់ដក ២១អង្សាសេ ដែលវាក៏អាចជាកត្តា បង្កឲ្យមានហេតុការណ៍កើតឡើងផងដែរ។
គួរបញ្ជាក់ថា ក្រោយការបុកទង្គិចគ្នាភ្លាមៗ ក្រុមសង្គ្រោះបានធ្វើការជម្លៀសអ្នកដំណើរលើយន្តហោះក្រុមហ៊ុន WestJet ចំនួន ១៦៨នាក់ ចេញតាមរយៈច្រកទ្វារពេលមានអាសន្ន ហើយដោយឡែកយន្តហោះរបស់ក្រុមហ៊ុន Sunwing គឺពុំមានអ្នកដំណើរនៅក្នុងនោះឡើយ ប៉ុន្តែក្រោយបុកគ្នា វាបានឆាបឆេះចេញជាអណ្តាតភ្លើងឡើង ដែលបង្កជាការភ្ញាក់ផ្អើល និងភិតភ័យដល់អ្នកដំណើរលើ Boeing 737-800។
មកទល់នឹងពេលនេះ ក្រុមបញ្ជាការសន្តិសុខក្នុងអាកាសយានដ្ឋាន Pearson កំពុងតែធ្វើការស៊ើបអង្កេត រកមូលហេតុដែលបង្កគ្រោះថ្នាក់នេះឡើង៕