(ស្តុកហូម)៖ គណៈវិនិច្ឆ័យនៅក្នុងការជំនុំជម្រះក្តី លោក Mehmet Hakan Atilla ដែលជានាយកប្រតិបត្តិនៃធនាគារ Halkbank នៃប្រទេសតួកគីដែលត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងគម្រោងជួយអ៊ីរ៉ង់ គេចចេញពីការដាក់ទណ្ឌកម្មរបស់អាមេរិក។ នេះបើតាមរបាយការណ៍ផ្លូវការពី Stockholm ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០១៨។
លោក Mehmet Hakan Atilla អ្នកជំនួញ Reza Zarrab ព្រមទាំងបុគ្គល ០៧នាក់ទៀតរួមមាន អតីតរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃប្រទេសតួកគី និងនាយកប្រតិបត្តិនៃធនាគារ Halkbank ពីរនាក់ផ្សេងទៀតត្រូវបានគេចោទប្រកាន់ពីបទចូលរួមក្នុងប្រតិបត្តិការ ដែលមានតម្លៃរាប់រយលានដុល្លារ ជួយដល់រដ្ឋាភិបាលអ៊ីរ៉ង់ និងអង្គភាពអ៊ីរ៉ង់ពី ឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ នៅក្នុងផែនការមួយ ដើម្បីគេចផុតពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
លោក ជុនគីម ដែលជាមេធាវីប្រចាំនៅសង្កាត់ម៉ាន់ហាធិន សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយ ដែលបានលើកឡើងថា «បន្ទាប់ពីការកាត់ក្តីដោយយុត្តិធម៌ និងប្រកបដោយតម្លាភាព គណៈកម្មការជាឯកច្ឆ័ន្ទបានផ្តន្ទាទោស លោក Hakan Atilla រួមជាមួយនឹងការប្តឹងឧទ្ធរណ៍របស់ លោក Reza Zarrab ជាប់ទោសពីបទឧក្រិដ្ឋសហព័ន្ធដ៏ធ្ងន់ធ្ងរ ដោយអ្នកទាំង ០២រូបនេះ ជាមេខ្លោងធំក្នុងគម្រោងទាញប្រទេសអ៊ីរ៉ង់ គេចចេញពីទណ្ឌកម្មអាមេរិកក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារ។
លោក Zarrab បានសារភាពនៅក្នុងតុលាការសហព័ន្ធទីក្រុងញូវយ៉កកាលពីដើម
ខែធ្នូថា លោកបានអោយជាសំណូកដល់អតីតរដ្ឋមន្រ្តីសេដ្ឋកិច្ចរបស់ប្រទេសតួកគី គឺលោក Mehmet Zafer Çağlayan លួចយកមាស ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអ៊ីរ៉ង់។ លោក Zarab បាននិយាយថា នាយករដ្ឋមន្ត្រីតួកគីដែលជាប្រធានាធិបតីបច្ចុប្បន្ន លោក Recep Tayyip Erdogan ផ្ទាល់បានអនុញ្ញាតឱ្យមានការចូលរួមពីធនាគារតួកគី នៅក្នុងគម្រោងនេះ។ លោក Zarrab ក៏បាននិយាយផងដែរថា លោកបានបង់ប្រាក់ដើម្បីធានាការដោះលែងលោក នៅក្នុងខែកុម្ភៈឆ្នាំ ២០១៤ ហើយថាការបង់ប្រាក់ទាំងនោះ គឺជាការសូកប៉ាន់មួយផ្នែកដែរ។
គួរបញ្ចាក់ផងដែរថា ក្នុងឆ្នាំ ២០១៣ លោកប្រធានាធិបតី Erdogan បានអះអាងថា ការចោទប្រកាន់ទាំងនេះមាន គោលបំណងផ្តួលរំលំលោក ដែលធ្វើឡើងដោយអ្នកគាំទ្រចលនា ហ្គូឡិន ដែលពួកគេរាប់ពាន់នាក់ត្រូវបានបណ្តេញចេញ និងដាក់គុក។ ប៉ុន្តែលទ្ធផលនៃតុលាការបានបង្ហាញថា ការចោទប្រកាន់លើប្រធានាធិបតីទាំងអស់សុទ្ធតែត្រឹមត្រូវ ហើយ ហ្គូឡិន ជាចលនាដែលមិនមានអ្វីពាក់ព័ន្ធនឹងរឿងក្តីនេះទេ។ បន្ទាប់ពីការលាតត្រដាងរឿងក្តីនេះមក ប្រជាពលរដ្ឋរង់ចាំមើលការពិត នៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៦៕