(យូអិន)៖ ភាពវឹកវរនៅក្នុងប្រទេសអ៊ីរ៉ង់ ពុំមែនជាការគម្រាមកំហែងដល់សន្តិសុខ ក៏ដូចជាសន្តិភាពពិភពលោកនោះឡើយ។ នេះបើតាមសម្តីរបស់តំណាងអចិន្រ្តៃយ៍នៃប្រទេសបារាំង ប្រចាំនៅអង្គការសហប្រជាជាតិ UN នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០១៨។
ថ្លែងក្នុងកម្មវិធីជជែកដេញដោលមួយ ស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់ ឯកអគ្គរដ្ឋទូតបារាំងប្រចាំ UN លោក ហ្វ្រង់ស័រ ឌែឡាតទ្រេ (Francois Delattre) បានលើកឡើងថា «ទោះបីជាភាពចលាចលជាច្រើនថ្ងៃកន្លងទៅនេះនៅអ៊ីរ៉ង់ មើលទៅហាក់បីគួរឲ្យព្រួយបារម្ភយ៉ាងណាក្តី ក៏ទាំងនោះពុំមែនជាការគម្រាមកំហែងដល់សន្តិសុខ និងសន្តិភាពអន្តរជាតិនោះឡើយ។ ពួកយើងទាំងអស់គ្នា ត្រូវឆ្លើយតបដោយសមរម្យទៅនឹងអ្វីដែលកំពុងកើតឡើង។ និយាយទៅ គឺយើងត្រូវធានាថា ពួកយើងនឹងបន្តតាមដានស្ថានការណ៍ ដែលកំពុងប្រព្រឹត្តទៅឲ្យជាប់ ហើយយើងត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះសកម្មភាពប៉ុនប៉ងទាំងឡាយ ដែលចង់ឆ្លៀតឱកាសកេងចេញយកប្រយោជន៍ផ្ទាល់ខ្លួនពីវិបត្តិនេះ»។
នៅក្នុងកិច្ចប្រជុំបន្ទាន់របស់ UN ដែលស្នើឡើងដោយទីក្រុងវ៉ាស៊ីនតោននេះ អ្នកតំណាងប្រទេសរុស្ស៊ី ក៏បានលើកឡើងដែរថា បញ្ហាពាក់ព័ន្ធនឹងអ៊ីរ៉ង់នេះ មិនគួរលើកយកមកពិភាក្សានៅក្នុងក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិតាំងពីដំបូងម្ល៉េះ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN លោកវ៉ាសស៊ីលី ណេប៊ិនស្យា (Vassily Nebenzia) បាននិយាយដូច្នេះថា «ថ្ងៃនេះយើងបានមើលឃើញផ្ទាល់ភ្នែកជាថ្មីម្តងទៀត នូវរបៀបដែលសហរដ្ឋអាមេរិកកំពុងប្រើប្រាស់វេទិកា ក្រុមប្រឹក្សាសន្តិសុខ (UNSC) តាមតែទំនើងចិត្តរបស់ខ្លួន។ ម៉្យាងវិញទៀត វាច្បាស់ណាស់ថា ប្រធានបទនៅថ្ងៃនេះ គឺពុំស្របទៅនឹងអ្វីដែលត្រូវបានចែងនៅក្នុងធម្មនុញ្ញរបស់ UN សម្រាប់ក្រុមប្រឹក្សាសន្តិសុខឡើយ»។
គួរជម្រាបថា ការធ្វើបាតុកម្មយ៉ាងកក្រើកនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានផ្ទុះឡើងតាំងពីចុងខែធ្នូ ឆ្នាំ២០១៧មកនោះ បានផ្តាច់ជីវិតមនុស្សសរុបជាង ២០នាក់ និងមនុស្សជាង ៤០០នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន។ ជុំវិញរឿងនេះ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានចង្អុលមុខសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនទៀត ថាជាអ្នកញុះញង់ឲ្យមានភាពចលាចលនេះ ខណៈទីក្រុងវ៉ាស៊ីនតោនបានបង្ហាញជំហរគាំទ្រដល់ក្រុមបាតករ និងថ្កោលទោសចំពោះការបង្រ្កាបដោយហិង្សា ពីអាជ្ញាធរអ៊ីរ៉ង់ទៅលើក្រុមអ្នកតវ៉ា៕