(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រសប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភជាពន់ពេក ចំពោះការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនៅភាគពាយ័ព្យប្រទេសស៊ីរី ដែលនាំឲ្យជនស៊ីវិលជាច្រើននាក់រួចមកហើយ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០១៨។
អ្នកនាំពាក្យ UN លោក ហ្វារ៉ាន ហាក បានបញ្ជាប់ប្រាប់អ្នកសារព័ត៌មាននានា នៅទីស្នាក់ការកណ្តាល UN ក្នុងបុរីញូយ៉កថា «យើងនៅតែទទួលបានរបាយការណ៍ ដ៏អាក្រក់ជាបន្តបន្ទាប់ ស្តីអំពីការប្រយុទ្ធគ្នា ដែលនៅតែបន្តនៅក្នុងតំបន់ដែលមានប្រជាជនស៊ីវិលរស់នៅស្ថិតក្នុងខេត្ត អ៊ីដលីប ភាគពាយ័ព្យនៃប្រទេសស៊ីរី ខណៈប្រជាជន ០៥នាក់ ហើយបានបាត់បង់ជីវិត»។
គួរបញ្ជាក់ថា ជនស៊ីវិលសរុប ០៥នាក់ បានស្លាប់នៅក្នុងខេត្តការវាយប្រហារលើភូមិមួយ នៅខេត្តអ៊ីដលីប ហើយអង្គការអន្តរជាតិមានការព្រួយបារម្ភថា បើការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងកម្លាំងក្រុមឧទ្ទាមនៅតែបន្ត នោះចំនួនជនស៊ីវិលរងគ្រោះ នឹងបន្តកើនឡើងទៅមុខទៀត។ UN ក៏បានថ្កោលទោសផងដែរ ចំពោះការវាយប្រហារទៅលើអគារមន្ទីរពេទ្យ នៅក្នុងតំបន់ភាគពាយ័ព្យប្រទេសស៊ីរីនោះ៕