(វ៉ាស៊ីនតោន)៖ រដ្ឋបាលអាមេរិករបស់ លោក ដូណាល់ ត្រាំ កំពុងព្យាយាមស្នើសុំថវិកាពីសភាជាតិ ប្រមាណ ៣៣ពាន់លានដុល្លារ ក្នុងអំឡុងពេល ១០ឆ្នាំ ដើម្បីពង្រីកជញ្ជាំងព្រំដែនភាគខាងត្បូងបច្ចុប្បន្នជាមួយប្រទេសម៉ិចស៊ីកូ ដែលលាតសន្ធឹងជិត ១,៦០០គីឡូម៉ែត្រ និងប្រព័ន្ធការពារសន្តិសុខនៅតាមព្រំដែនភាគខាងត្បូងនេះ ឲ្យខ្លាំងក្លាកម្រិតខ្ពស់តែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០១៨។
រនាំងចាស់ដែលមានស្រាប់ នៅតាមបណ្តោយព្រំដែនអាមេរិក-ម៉ិចស៊ីកូសព្វថ្ងៃមានប្រវែងជាង ១,០០០គីឡូម៉ែត្រ ហើយសំណើថ្មីនេះបើទទួលបានការអនុញ្ញាតពីសភានោះ រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងនាំយករនាំងព្រំដែនថ្មីបន្ថែម ដើម្បីទៅបំពេញឲ្យគ្រប់ប្រវែងព្រំដែនសរុបចំនួន ១,៦០០គីឡូម៉ែត្រ និងជំនួសរនាំងចាស់ៗដោយរនាំងថ្មីវិញក្នុងអំឡុងពេលជាង ១០ឆ្នាំ ដោយចំណាយថវិកា ១៨ពាន់លាន។ ដោយឡែក ថវិកា ១៥ពាន់លានដុល្លារទៀត នឹងត្រូវចំណាយលើប្រព័ន្ធការពារសន្តិសុខ និងសណ្តាប់ធ្នាប់បន្ថែមក្នុងកម្រិតខ្ពស់បំផុត។
គួរជម្រាបថា នៅក្នុងនោះសម្រាប់សំណើមិនពាក់ព័ន្ធនឹងរនាំងជញ្ជាំង រួមមាន ៥.៧ពាន់លានដុល្លារ ក្នុងអំឡុងពេល ០៥ឆ្នាំ សម្រាប់ប៉មឃ្លាំមើល, បរិក្ខាអង្កេតការណ៍, យន្តហោះដ្រូន, និងបច្ចេកវិទ្យាផ្សេងៗទៀត និង០១ពាន់លានដុល្លារ ក្នុងអំឡុងពេល០៥ឆ្នាំ សម្រាប់ការសាងសង់ និងជួសជុលផ្លូវថ្នល់ហើយ ៨.៥ពាន់លានដុល្លារ ក្នុងអំឡុងពេល ០៧ឆ្នាំសម្រាប់ភ្នាក់ងារល្បាតព្រំដែនថ្មី រួមនិងបុគ្គលិកផ្សេងៗទៀតចំនួន ៥,០០០នាក់៕