(សេអ៊ូល)៖ ការដោះស្រាយវិបត្តិតាមផ្លូវទូត ហាក់គ្មានប្រសិទ្ធភាព និងមិនសូវពេញនិយមទាល់តែសោះ សម្រាប់បញ្ហាសង្គ្រាមដ៏ក្តៅគគុក នៅឧបទ្វីបកូរ៉េនាឆ្នាំ២០១៧កន្លងទៅនេះ ដោយសារកូរ៉េខាងជើង បង្ហាញភាពរឹងទទឹងជ្រុលហួសហេតុ ដោយហ៊ានបាញ់សាកល្បង គ្រាប់មីស៊ីលឆ្លងទ្វីបផ្ទួនៗគ្នាប៉ុន្មានលើក ធ្វើឱ្យស្ថានភាពកាន់តែយ៉ាប់យឺនស្ទើរឈានដល់ចំណុចសូន្រ ស្របពេលដែលក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បង្កើនទម្ងន់ទណ្ឌកម្ម ដើម្បីខ្ទប់ដង្ហើមសេដ្ឋកិច្ចប្រទេសដ៏ឯកាមួយនេះកាន់តែខ្លាំង។
ទំនងជាសម្លឹងឃើញផលប្រយោជន៍អ្វីម្យ៉ាង ជំរុញឱ្យមេដឹកនាំវ័យក្មេង Kim Jong-un សម្រេចចិត្តបើកភ្លើងខៀវដល់សមភាគីខាងត្បូង ដែលជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់។
មេដឹកនាំរូបនេះបានបង្ហាញការកត់សម្គាល់ថា «ដោយសារយើងជាជនរួមជាតិ ឈាមជ័រដូចគ្នាជាមួយជនជាតិកូរ៉េខាងត្បូង ហេតុនេះវាគឺជារឿង ធម្មតាទេ ដែលយើងចែករំលែកក្តីសប្បាយរីករាយជាមួយពួកគេក្នុងព្រឹត្តិការណ៍ប្រកួតកីឡាដ៏វិសេសវិសាល ព្រមទាំងជួយគាំទ្រដល់ពួកគេ»។
ទាក់ទិននឹងការប្រកួតកីឡាអូឡាំពិកនារដូវរងារខាងមុខនេះ ក្រុមអ្នកអង្កេតការណ៍ក្នុងតំបន់ ធ្លាប់បង្ហាញក្តីព្រួយបារម្ភ ដោយសារព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងនៅទីក្រុងរមណីយដ្ឋាន Pyeongchang របស់កូរ៉េខាងត្បូង ដែលស្ថិតក្នុងចម្ងាយប្រហែល៥០ម៉ាយប៉ុណ្ណោះ ពីតំបន់គ្មានយោធាដែលខណ្ឌចែកព្រំដែនប្រទេសកូរ៉េទាំងពីរ។ ក្នុងស្ថានភាពបច្ចុប្បន្ន រាល់សង្គ្រាមជាមួយប្រទេសកូរ៉េខាងជើង ទោះក្នុងរូបភាពណាក៏ដោយច្បាស់ជាឈានទៅរកសង្គ្រាមនុយក្លេអ៊ែរជាក់ជាមិនខាន។
ខណៈដែលពេលវេលានៃការប្រកួតនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ លោក Kim បានបង្ហាញចេតនាចង់ស្តារស្ថានភាពជាថ្មី ដោយមិនត្រឹមតែជូនពរដល់អតីតគូសត្រូវ កូរ៉េខាងត្បូងឱ្យទទួលបានជោគជ័យក្នុងនាមជាប្រទេសម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏បញ្ជូនក្រុមគណៈប្រតិភូកីឡាទៅចូលរួមការប្រកួតកីឡានេះផងដែរ។
បំលាស់ប្តូរឥរិយាបទ១៨០ឌឺក្រេរបស់មេដឹកនាំកូរ៉េខាងជើង អាចធ្វើជាការក្រើនរំលឹកដល់សហរដ្ឋអាមេរិក ដែលជាអ្នកពាក់ព័ន្ធយ៉ាងស៊ីជម្រៅក្នុងជម្លោះនេះ គឺមហាអំណាចអាមេរិកមិនគួរមើលងាយប្រទេសតូចតាចកូរ៉េខាងជើង ក្នុងស្ថានភាពថ្មីៗនេះបានឡើយ ត្រូវតែធានាបានថា ចេតនាក្នុងការផ្សះផ្សាឡើងវិញរវាងកូរ៉េទាំងពីរ នឹងមិនបណ្តាលឱ្យសម្ព័ន្ធភាពរវាងអាមេរិក និងកូរ៉េខាងត្បូងដែលធ្លាប់ចាក់គ្រឹះយ៉ាងរឹងមាំមកហើយនោះ បែរជាឈានទៅរកភាពរកាំរកូសនោះឡើយ។
ហើយក៏មិនត្រូវភ្លេចផងដែរថា នៅពេលមានការផ្លាស់ប្តូរឥរិយាបទភ្លាមៗមិននឹកស្មានដល់ ជាក់ស្តែងដូចជាការបង្ហាញឆន្ទៈចង់បង្រួបបង្រួមដ៏កម្របែបនេះ វាច្បាស់ជាមិនអាចកើតឡើងដោយគ្មានហេតុផល ឬមិនត្រូវការផលតបស្នង និងលក្ខខណ្ឌនោះឡើយ។ ប្រសិនបើកិច្ចចរចារអន្តរកូរ៉េក្នុងរយៈពេលឆាប់ៗខាងមុខនេះ បញ្ចប់ដោយភាពផ្លែផ្កានោះ លក្ខខ័ណ្ឌចម្បងរបស់កូរ៉េខាងជើង ទំនងជាចង់រារាំងការធ្វើសមយុទ្ធយោធារួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូង ដែលធ្លាប់បានធ្វើឡើងជាទៀងទាត់កន្លងមក។
លោកគីមបាននិយាយថា «ពួកគេគួរបញ្ឈប់ការធ្វើសមយុទ្ធសង្គ្រាមនុយក្លេអ៊ែរទាំងអស់ ជាមួយកងកម្លាំងបរទេស ពីព្រោះសមយុទ្ធទាំងនេះ មិនខុសពីការធ្វើឱ្យដែនដីឧបទ្វីបកូរ៉េ ត្រូវឆាបឆេះដោយភ្លើងសង្គ្រាម ហើយឈានទៅរកការបង្ហូរឈាមនៅលើដែនដីពិសិដ្ឋរបស់យើងនោះឡើយ»។
ជាការពិតប្រទេសកូរ៉េខាងជើង ពិតជាសមតាមបំណងពិតមែន ដោយភាគីអាមេរិកយល់ស្របតាមសំណូមពរកូរ៉េខាងត្បូង ដែលស្នើឱ្យសហរដ្ឋអាមេរិកពន្យារពេល ធ្វើសមយុទ្ធទាំងនេះរង់ចាំរហូតដល់ការ ប្រកួតកីឡាប៉ារ៉ាឡាំពិក ត្រូវបានបញ្ចប់នៅខែមីនាខាងមុខ។ បើទោះបីជាការទម្លាយភាពទាល់ច្រកមិនអាចកើតឡើងទាន់ពេលវេលាមុនការប្រកួតកីឡា Pyeongchangក្តី ប៉ុន្តែការថ្លែងសុន្ទរកថារបស់លោក Kim ក្នុងឱកាសទទួលឆ្នាំឆ្នាំ ហាក់មានភាពប្រុងប្រយ័ត្នជាងរាល់លើក ព្រមទាំងបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះទំនាក់ទំនងអន្តរកូរ៉េថែមទៀតផង។
ប៉ុន្តែឱកាសដ៏ល្អ និងកម្របែបនេះមិនមែនមានន័យថា ជារឿងដ៏ល្អទាំងស្រុង សម្រាប់កូរ៉េខាងត្បូងនោះឡើយ។ ដៃទាំងពីររបស់លោក Moon ប្រធានាធិបតីកូរ៉េខាងត្បូង នឹងត្រូវជាប់ដោយចំណងពីរយ៉ាង។ ទីមួយ៖ ត្រូវប្រឈមមុខនឹងការអំពាវនាវរបស់មនុស្សក្នុងតំបន់ដែលតែងតែចង់សម្របសម្រួលជម្លោះ ដោយព្រួយបារម្ភចំពោះបញ្ហានេះជាខ្លាំង។ ទីពីរ៖ គឺការទាមទាររបស់មហាមិត្តអាមេរិក។ ប៉ុន្តែសេចក្តីថ្លែងរបស់លោក Kim បានជំរុញទឹកចិត្តមេដឹកនាំកូរ៉េខាងត្បូងថា កូរ៉េទាំងពីរគួរតែងាកមកសហការគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹងយោធាដ៏ស្រួចស្រាវនេះ។
ឥរិយាបទថ្មីរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong-un ហាក់មានភាពខុសប្លែកពីមុនជាខ្លាំង។ លោកបានស្វាគមន៍ឆ្នាំថ្មី២០១៨ ដោយភាពរីករាយបំផុត។ បើទោះបីជាប្រទេសកុម្មុយនីសមួយនេះ ត្រូវប្រឈមមុខនឹង ក្នុងការដាក់ទណ្ឌកម្មពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រហូតដល់បីលើកផ្ទួនៗគ្នា ក៏ដោយក្តី ប៉ុន្តែសម្រាប់លោក Kim ឆ្នាំ២០១៧ត្រូវបានចាត់ទុកជាឆ្នាំដ៏ជោគជ័យមួយ។
មិនមែនត្រឹមតែសប្បាយចិត្តក្នុងការសម្លឹងឃើញខ្លួនឯងជោគជ័យក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីប ដែលអាចមានសមត្ថភាពកម្ទេចដែនដីអាមេរិកតែម្យ៉ាងប៉ុណ្ណោះនោះទេ ប៉ុន្តែក្នុងឆ្នំា២០១៧នេះ កូរ៉េខាងជើងក៏បានបាញ់សាកល្បងជាលើកដំបូងនូវអាវុធនុយក្លេអ៊ែរកម្តៅ(Thermonuclear)ផងដែរ។ រាល់អាវុធនុយក្លេអ៊ែរទាំងអស់ដែលរដ្ឋាភិបាលក្រុង ព្យុងយ៉ាង បានបាញ់សាកល្បងពីលើភ្នំ Mantap កាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ ត្រូវបានចាត់ទុកថា ជាអាវុធបំផ្ទុះដែលមានថាមពលបំផុតនៅលើលោកមិនធ្លាប់មាន រាប់ចាប់តាំងពីប្រទេសចិន បានបាញ់សាកល្បងនុយក្លេអ៊ែរក្រោមដី ដ៏មានឥទ្ធិពលបំផុតកាលពីឆ្នាំ១៩៩២កន្លងទៅនេះ។
ក្នុងឱកាសនៃការស្វាគមន៍ឆ្នាំថ្មី មេដឹកនាំវ័យក្មេង Kim Jong-un បានប្រកាសពីភាពសម្រេចបាននូវកម្លាំងផ្នែកអាវុធនុយក្លេអ៊ែរដ៏ពេញលេញ ព្រមទាំងបញ្ជាក់ថា បច្ចុប្បន្នលោកបានកាន់កាប់កាប់អាវុធដែលមានថាមពលគ្រប់គ្រាន់ក្នុងការសងសឹកសហរដ្ឋអាមេរិកដែលគ្រប់គ្នាមិននឹកស្មានដល់។ លោក Kim ថែមទាំងបានបង្អួតថា ប៊ូតង់ចុចបំផ្ទុះនុយក្លេអ៊ែរត្រូវបានតម្លើងរួចរាល់ជាស្រេចក្នុងការិយាល័យរបស់លោក។
ឆន្ទៈក្នុងការបញ្ចប់ភាពតានតឹងរវាងកូរ៉េទាំងពីរ ត្រូវបានចាត់ទុកថា ជារឿងសំខាន់បំផុតក្នុងសន្ទរកថា របស់មេដឹកនាំ Kim Jong-un។ តែសូមបញ្ជាក់ថា គោលដៅពិតប្រាកដរបស់កូរ៉េខាងជើង មិនមែនការបង្រួបបង្រួមកូរ៉េទាំងពីរនោះទេ ប៉ុន្តែគឺការបំបែកបំបាក់ទំនាក់ទំនងសម្ព័ន្ធភាពចាក់ទឹកមិនលេចរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ មានតែពេលវេលាប៉ុណ្ណោះដែលនឹងប្រាប់បានថា តើលោក គីម អាចទទួលបានជោគជ័យតាមគោលដៅដ៏សំខាន់នេះ ឬយ៉ាងណានោះ។ ប៉ុន្តែជាការព្រមាន អាមេរិកចាំបាច់ត្រូវតែយកចិត្តទុកដាក់ទៅលើបញ្ហានេះ ដើម្បីធានាថា ការប៉ុនប៉ងដើម្បីផ្សះផ្សាទំនាក់ទំនងនេះ នឹងមិនបណ្តាលឱ្យសម្ព័ន្ធភាពអាមេរិក និងកូរ៉េខាងត្បូងធ្លាក់ក្នុងស្ថានភាពល្អក់កករនោះឡើយ មិនដូច្នោះសហរដ្ឋអាមេរិកត្រូវត្រៀមខ្លួនទទួលយកការខាតបង់ជាច្រើន៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា