(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រយៈពេលមិនដល់មួយឆ្នាំផង បន្ទាប់ពីនាវាដឹកយន្តហោះចម្បាំង ដែលផលិតដោយផ្ទាល់ដៃដំបូងបំផុត នៃប្រទេសចិន ត្រូបានដាក់ឲ្យធ្វើប្រតិបត្តិការសាកល្បង មហាយក្សនៅអាស៊ីមួយនេះ ត្រូវគេរាយការណ៍ថា កំពុងតែដុតដៃដុតជើង បំពេញកិច្ចការទៅលើនាវាដឹកយន្តហោះចម្បាំងផលិតក្នុងស្រុកទីបីរបស់ខ្លួនថែមទៀត៕
២៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាពន្យាពេលធ្វើសមយុទ្ធដែលគ្រោងនឹងប្រព្រឹត្តទៅនាខែក្រោយនេះដើម្បីធានាឲ្យ បានសន្តិសុខសុវត្ថិភាពទាំងស្រុង សម្រាប់កីឡាអូឡាំពិករដូវរងារ Pyeongchang ដែលខិតជិតចូលមកដល់នៅប្រទេសកូរ៉េខាងត្បូង៕
៣៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានឈានដល់ការព្រមព្រៀងគ្នាហើយថានឹងរៀបចំកិច្ចសន្ទនាកម្រិតខ្ពស់នៅសប្ដាហ៍ក្រោយនេះ ដើម្បីពិភាក្សា ពីការចូលរួមរបស់ទីក្រុងព្យុងយ៉ាង ក្នុងព្រិតិ្តការណ៍អូឡាំពិចរដូវរងារនៅឯទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង ក៏ដូចជាផ្លូវឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវ ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
៤៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ UNSC នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នារសៀលថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងញូយ៉ក) ដើម្បីពិភាក្សាពី វិបត្តិដែលកំពុងមានភាពក្តៅគគុក នៅក្នុងប្រទេសអ៊ីរ៉ង់ក្រោយពីមានការស្នើយ៉ាងទទូចពីសហរដ្ឋអាមេរិកឲ្យធ្វើការជជែកគ្នាអំពីបាតុកម្មដ៏ប្រល័យនៅទីនោះ៕
៥៖ ប្រធានាធិបតីលោក ស៊ី ជិនពីង បានប្រកាសដោយត្រង់ៗជាចំហ ដល់កម្លាំងយោធានៃប្រទេសចិន ឲ្យត្រៀមខ្លួនក្នុងការធ្វើសង្រ្គាម ហើយកុំខ្លាចពលីជីវិត ក៏ដូចជាសេចក្តីស្លាប់ឲ្យសោះ ដើម្បីការពារប្រទេសជាតិ ខណៈភាពតានតឹងនៃភូមិសាស្រ្តនយោបាយកាន់តែក្តៅគគុកនៅតំបន់អាស៊ី៕
៦៖ ប្តីប្រពន្ធជនជាតិហ្វីលីពីនមួយគូ ត្រូវបានក្រុមភេរវករ អាប៊ូ សាយយ៉ាហ្វ ដែលជាសម្ព័ន្ធរបស់ក្រុម ISIS កាត់ក្បាលនៅក្នុងភូមិដាច់ស្រយ៉ាលមួយកន្លែង លើកោះ Basilan ភាគខាងត្បូងប្រទេសហ្វីលីពីន៕