(ម៉ានីល)៖ ប្តីប្រពន្ធជនជាតិហ្វីលីពីនមួយគូ ត្រូវបានក្រុមភេរវករ អាប៊ូ សាយយ៉ាហ្វ ដែលជាសម្ព័ន្ធរបស់ក្រុម ISIS កាត់ក្បាលនៅក្នុងភូមិដាច់ស្រយ៉ាលមួយកន្លែង លើកោះ Basilan ភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០១៨។
មន្រ្តីយោធាហ្វីលីពីនលោក Juvymax Uy បានកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះជាប្តីថា មានឈ្មោះ Abdurahim Kituh និងប្រពន្ធឈ្មោះ Nadzwa Bahitla ដែលទាំងពីរនាក់រស់នៅក្នុងក្រុង Isabela។ ប្តីប្រពន្ធមានដែលវាសនាដ៏អភ័ព្វមួយគូនេះ ត្រូវបានគេសម្លាប់កាលពីវេលារសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅឯភូមិមួយកន្លែង លើកោះ Basilan ក្រោមការសង្ស័យថា បានលួចផ្តល់ព័ត៌មានជាសម្ងាត់មកឲ្យយោធាហ្វីលីពីន។
គួរជម្រាបថា កោះ Basilan ដែលជាតំបន់ភាគខាងត្បូងហ្វីលីពីន គឺជាមូលដ្ឋានស្នូលមួយ របស់ក្រុមឧទ្ទាម អាប៊ូ សាយយ៉ាហ្វ ដែលមានបណ្តាញទាក់ទងជាមួយនឹងក្រុមភេរវករជ្រុលនិយម ISIS។ បង្កើតដោយកាលពីទសវត្សរ៍ឆ្នាំ១៩៩០ ក្រុម អាប៊ូ សាយយ៉ាហ្វនេះ ល្បីឈ្មោះខាងធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ លើជនបរទេស ព្រមទាំងជនជាតិហ្វីលីពីន និងជាអ្នកនៅពីក្រោយខ្នងនៃការបំផ្ទុះគ្រាប់បែក និងអំពើសាហាវយង់ឃ្នងជាច្រើន រួមមានអំពើកាត់ក្បាលមនុស្សជាដើម។ ក្រុមភេរវករនេះ ក៏មានពាក់ព័ន្ធក្នុងការចូលលុកលុយកាន់កាប់ទីក្រុង Marawi កាលពីខែឧសភាឆ្នាំទៅ ជាមួយក្រុមសកម្មប្រយុទ្ធដទៃទៀតផងដែរ៕