(សៀងហៃ)៖ ប្រធានាធិបតីលោក ស៊ី ជិនពីង បានប្រកាសដោយត្រង់ៗជាចំហ ដល់កម្លាំងយោធានៃប្រទេសចិន ឲ្យត្រៀមខ្លួនក្នុងការធ្វើសង្រ្គាម ហើយកុំខ្លាចពលីជីវិត ក៏ដូចជាសេចក្តីស្លាប់ឲ្យសោះ ដើម្បីការពារប្រទេសជាតិ ខណៈភាពតានតឹងនៃភូមិសាស្រ្តនយោបាយ កាន់តែក្តៅគគុកនៅតំបន់អាស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០១៨។
សម្តីដាស់តឿនចំៗបែបនេះរបស់លោក ស៊ី ទៅកាន់កងកម្លាំងយោធាដ៏ធំជាងគេបង្អស់លើលោក ត្រូវបានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋចិន ចាត់ទុកថាការថ្លែងសារដ៏កម្រមួយ ដោយលោក ស៊ី ជិនពីង ចំពោះកម្លាំងយោធានៃប្រទេសទាំងមូល។ ក្នុងឱកាសនៃការចុះអធិការកិច្ចនៅឯទីបញ្ជាការកណ្តាលនៃកងទ័ពរំដោះប្រជាជនចិន PLA នៅខេត្ត ហ៊ីបី (Hebei) ភាគខាងជើង លោក ស៊ី បានប្រាប់ពលទាហានរាប់ពាន់នាក់ នៅទីនោះថា «កងទ័ពចិនមិនគួរតែភាពលំបាកលំបិន ឬក៏សេចក្តីស្លាប់ឡើយ»។
ជាមួយគ្នានេះ លោក ស៊ី ជិនពីង ក៏បានជំរុញផងដែរឲ្យ PLA ដែលបានបង្កក្តីព្រួយបារម្ភជាខ្លាំង នៅក្នុងតំបន់អាស៊ី និងចំពោះទីក្រុងវ៉ាស៊ីនតោន ដោយសារតែការធ្វើទំនើបកម្មយ៉ាងឆាប់រហ័យ នាអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះនោះ ឲ្យបន្តបង្កើនសមត្ថភាពនិងអភិវឌ្ឍខ្លួនបន្ថែមទៀត។
គួរជម្រាបថា ចាប់តាំងតែពីឡើងកាន់អំណាចកាលពីឆ្នាំ២០១២មក លោក ស៊ី ជិនពីង បានជំរុញឲ្យចិនធ្វើយ៉ាងណាក្លាយជាប្រទេសដ៏មានរិទ្ធិអំណាចខ្លាំងក្លាមួយ ហើយកាលពីខែតុលា ឆ្នាំ២០១៧ លោក ស៊ី ថែមទាំងបានបានអំពាវនាវឲ្យអភិវឌ្ឍកងទ័ពចិន ក្លាយជាកងទ័ពលំដាប់ពិភពលោកនៅឆ្នាំ២០៥០ទៀតផង។
ម៉្យាងវិញទៀត ទោះបីជាអ្នកវិភាគជាច្រើន បានលើកឡើងថា លោក ស៊ី ទំនងជានឹងមិនហ៊ានប្រថុយ ប្រើប្រាស់កងទ័ពដែលនៅពុំទាន់មានការសាកល្បងសមត្ថភាពរបស់ខ្លួន នៅក្នុងការប្រឈមមុខយោធាក៏ដោយ ក្តីព្រួយបារម្ភនៅតែកើនឡើង ខណៈដែលទីក្រុងប៉េកាំង បានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការវាទយកទីតាំង នៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលមានជម្លោះ ស្របពេលកំពុងមានបញ្ហាវិវាទជាមួយជប៉ុន ជុំវិញប្រជុំកោះនៅសមុទ្រខាងកើត និងជាមួយឥណ្ឌា ជុំវិញតំបន់ភ្នំហិមាល័យ។ ក្រៅពីនេះ ភាពតានតឹង ក៏បានកើនឡើងផងដែរ ជុំវិញការធ្វើតេស្តមីស៊ីល ដែលត្រូវបានហាមឃាត់ របស់លោក គីម ជុងអ៊ុន និងការធ្វើសង្រ្គាមពាក្យសម្តីរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ ជាមួយនិងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕