(តេហរ៉ង់)៖ រដ្ឋអាជ្ញាអ៊ីរ៉ង់លោក Mohammad Jafar Montazeri បាននិយាយជាសាធារណៈថាទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក CIA, អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត គឺជាមេក្លោងបង្កចលាចល និងបាតុកម្មតវ៉ាដោយហិង្សានៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបណ្ដាលឱ្យមនុស្សច្រើនជាង២០នាក់ បាត់បង់ជីវិត គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០១៨។
តាមរយៈការស្រង់សម្ដីដោយសារព័ត៌មានរដ្ឋអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ លោក Mohammad Jafar Montazeri បានអះអាងថា អ្នកនៅពីក្រោយការរៀបចំផែនការបង្ក ចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ គឺជាបុរសជនជាតិអាមេរិកម្នាក់ ឈ្មោះ Michael Andrea ដែលលោកចោទថាជាអតីតទីភ្នាក់ងារស៊ើបការសំងាត់អាមេរិក CIA និងជាអ្នក បង្កើតមនុស្សមួយក្រុមដើម្បីបង្កើតភាពវឹកវរក្នុងប្រទេស។ មិនតែប៉ុណ្ណោះ រដ្ឋអាជ្ញារូបនេះ ក៏បានចង្អុលមុខអារ៉ាប៊ីសាអូឌីត និងទីភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossad ផងដែរថា បានឃុបឃិតគ្នារៀបចំផែនការញុះញង់ឱ្យមានបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ UNSC នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នារសៀលថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងញូយ៉ក) ដើម្បី ពិភាក្សាពីវិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ីរ៉ង់ ក្រោយមានការស្នើយ៉ាងទទូចពីសហរដ្ឋអាមេរិក៕