(ប៉េកាំង)៖ រយៈពេលមិនដល់មួយឆ្នាំផង បន្ទាប់ពីនាវាដឹកយន្តហោះចម្បាំង ដែលផលិតដោយផ្ទាល់ដៃដំបូងបំផុត នៃប្រទេសចិន ត្រូបានដាក់ឲ្យធ្វើប្រតិបត្តិការសាកល្បង មហាយក្សនៅអាស៊ីមួយនេះ ត្រូវគេរាយការណ៍ថា កំពុងតែដុតដៃដុតជើង បំពេញកិច្ចការ ទៅលើនាវាដឹកយន្តហោះចម្បាំងផលិតក្នុងស្រុកទីបីរបស់ខ្លួនថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០១៨។
ប្រការហេតុនេះ នាវាដឹកយន្តហោះចម្បាំងសរុបចំនួន០៣គ្រឿងហើយ ត្រូវបាននិងកំពុងសាងសង់ដោយដោយប្រទេសចិនផ្ទាល់ លើកលែងតែនាវាដឹកយន្តហោះចម្បាំង លាវនីង (Liaoning) ជានាវាចំណាស់មានអាយុកាលរាប់ទសវត្សរ៍របស់ អតីតសហភាពសូវៀត ដែលទីក្រុងប៉េកាំង បានទិញយកអ៊ុយក្រែន ដើម្បីយកមកធ្វើការជុសជួលកែលម្អឡើងវិញ។
នាវាដឹកយន្តហោះចម្បាំង Type-001A ត្រូវបានដាក់ដើម្បីឲ្យតេស្តកាលពីខែមេសាឆ្នាំទៅ ខណៈនាវាដឹកយន្តហោះចម្បាំង Type-002 ត្រូវគេកំណត់ថានឹងធ្វើប្រតិបត្តិការសាកល្បង នៅក្នុងពេលប៉ុន្មានខែខាងមុខនេះ បើតាមសារព័ត៌មានចិន Global Times។ នាវាដឹកយន្តហោះចម្បាំង Type-001A មានលក្ខណៈស្រដៀងទៅនឹងនាវា Liaoning (Type-001) ដែរ ដោយវាមានផ្នែកចុងខាងមុខ រាងកោងដើម្បីអាចជួយដល់យន្តហោះចម្បាំង ក្នុងការហោះឡើង ខណៈនាវាដឹកយន្តហោះចម្បាំង Type-002 និង Type-003 ត្រូវគេរាយការណ៍ថាមានលក្ខណៈនិងបច្ចេកវិទ្យា ស្រដៀងគ្នា។
បើតាមប្រភពពីមន្រ្តីយោធា ដែលសារព័ត៌មានចិន South China Morning Post ទទួលបាន ការសាងសង់នាវាចម្បាំងថ្មីទី០៣ នៃយោធាចិន នឹងមានភាពស្មុគស្មាញ និងបញ្ហាប្រឈមច្រើនជាង នាវាដឹកយន្តហោះចម្បាំងពីរគ្រឿងមុន។ ប្រភពដដែលបានឲ្យដឹងថា ដំណើរការសាងសង់នាវាដឹកយន្តហោះចម្បាំង Type-003 កំពុងប្រព្រឹត្តទៅនៅឯកំពង់ផែ សៀងហៃជាងណាន (Shanghai Jiangnan) ហើយគេកំពុងធ្វើការទៅលើតួខ្លួនរបស់វា និងរំពឹងថាអាចចំណាយពេលប្រមាណជា០២ឆ្នាំ ទើបហើយរួចរាល់។
គោលដៅសម្រាប់ នាវាដឹកយន្តហោះចម្បាំងប្រភេទដូចជា Type-003 នេះ គឺប្រើប្រាស់ប្រព័ន្ធជំនួយការហោះឡើងដោយកម្លាំងអេឡិចត្រូម៉ាញេទិក ជាប្រព័ន្ធមួយដែលកងទ័ពជើងទឹកអាមេរិក បានចំណាយពេលរាប់ឆ្នាំ ដើម្បីអភិវឌ្ឍឲ្យល្អឥតខ្ចោះ ហើយវាត្រូវគេអះអាងថា នឹងដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។
គួរជម្រាបផងដែរថា មហិច្ឆតារបស់ចិន គឺធ្វើយ៉ាងណាឲ្យមានក្រុមនាវាដឹកយន្តហោះចម្បាំង ចំនួន០៤ក្រុម ធ្វើប្រតិបត្តិការនៅក្នុងជួរកងទ័ពរំដោះប្រជាជានចិន PLA ឲ្យបានពេញលេញនៅឆ្នាំ២០៣០។ ដោយឡែក នាវាដឹកយន្តហោះចម្បាំង Liaoning បច្ចុប្បន្នគឺជានាវាដឹកយន្តហោះចម្បាំងតែមួយ ដែលកំពុងធ្វើប្រតិបត្តិការក្នុងជួរកងទ័ពចិន ក៏ប៉ុន្តែនាវា Type-001A ត្រូវគេរំពឹងថានឹងអាចធ្វើប្រតិបត្តិការពេញលេញបាននៅចុងឆ្នាំ២០១៨៕