(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានសម្រេចចិត្តផ្អាកការផ្ដល់ជំនួយផ្នែកសន្តិសុខដល់ប្រទេសប៉ាគីស្ថាន រហូតដល់ទីក្រុងអ៊ីស្លាម៉ាបាត ចាត់វិធានការ សកម្មភាពប្រឆាំងនឹងក្រុមសកម្មយុទ្ធតាលីបង់អាហ្វហ្គានីស្ថាន និងក្រុមហាកកានី (Haqqani)។ ចំនួនទឹកប្រាក់មិនត្រូវបានគេបញ្ជាក់ឡើយ ប៉ុន្តែបើតាមមន្ត្រីអាមេរិក ពីរនាក់ថាវាមានទំហំទឹកប្រាក់ជាង២៥៥លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០១៨។
ក្រសូងការបរទេសអាមេរិក បានប្រកាសពីការសម្រេចចិត្តនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយកត់សម្គាល់ថាធ្វើឡើងតបតាមការសោកស្ដាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះប៉ាគីស្ថាន សម្រាប់ការមិនបានធ្វើអ្វីទាល់តែសោះក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ដែលបានប្រើប្រាស់ទឹកដីប៉ាគីស្ថាន លួចឆ្មក់វាយប្រហារ នៅលើទឹកដីប្រទេសក្បែរខាងគឺអាហ្វហ្គានីស្ថាន ដើម្បីសម្លាប់កងកម្លាំងអាមេរិក និងអាហ្វហ្គានីស្ថាន។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រសួងការបរទេសអាមេរិកមិនបាន បញ្ជាក់លម្អិតឡើយពីចំនួនទឹកប្រាក់ប៉ុន្មាននឹងត្រូវផ្អាក ដោយគ្រាន់តែនិយាយថា ចំនួនទឹកប្រាក់កំពុងស្ថិតក្រោមការពិចារណា។ យ៉ាងណាក៏ដោយ មន្រ្តីអាមេរិកពីរនាក់ ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថាទីក្រុងវ៉ាស៊ីនតោន បានផ្អាកការផ្ដល់ជំនួយសន្តិសុខជាង២៥៥លានដុល្លារដល់ប៉ាគីស្ថាន។
គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប៉ាគីស្ថាន បានផ្ទុះឡើងកាលពីសប្ដាហ៍មុន ក្រោយលោក ដូណាល់ ត្រាំ បង្ហោះសារលើ Twitter ថាទីក្រុងវ៉ាស៊ីនតោន បានផ្ដល់ជំនួយរាប់ពាន់លានដុល្លារដល់ប៉ាគីស្ថានក្នុងមួយឆ្នាំៗ តែអ្វីដែលសហរដ្ឋអាមេរិកទទួលបានគឺការកុហក និងបោកប្រាស។ គិតចាប់តាំងពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ទីក្រុងវ៉ាស៊ីនតោនជារឿយៗតែងតែសរសើរឥណ្ឌា និងអាហ្វហ្គានីស្ថាន ខណៈចិនកំពុងវិយោគប្រាក់រាប់ពាន់លានដុល្លារក្នុងប្រទេស ប៉ាគីស្ថាន នឹងឈរនៅខាងទីក្រុងអ៊ីស្លាម៉ាបាត៕