(វ៉ាស៊ីនតោន)៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា ពន្យាពេលធ្វើសមយុទ្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែក្រោយនេះ ដើម្បីធានាឲ្យបានសន្តិសុខសុវត្ថិភាពទាំងស្រុង សម្រាប់កីឡាអូឡាំពិករដូវរងារ Pyeongchang ដែលខិតជិតចូលមកដល់ នៅប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០១៨។
កិច្ចព្រមព្រៀងនេះ ត្រូវបានឯកភាពគ្នា ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទរវាង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នាម្សិលមិញ។ ក្នុងកិច្ចសន្ទនានោះ មេដឹកនាំនៃប្រទេសទាំងពីរ បានយល់ព្រមពន្យាពេលធ្វើសមយុទ្ធយោធារួមរបស់ខ្លួន ដើម្បីអាចងាកទៅផ្តោតលើ ការធានាសន្តិសុខនៃព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិនេះ។
ក្រៅពីនេះ លោក ត្រាំ និង លោក មូន ក៏បានជជែកអំពីស្ថានការណ៍វិវត្តន៍នៅឧបទ្វីបកូរ៉េផងដែរ ដោយបានព្រមព្រៀងថានឹងបន្តអនុវត្តយុទ្ធនាការដាក់សម្ពាធជាអតិបរមា ប្រឆាំងរបបដឹកនាំទីក្រុងព្យុងយ៉ាង។ ដោយឡែក មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងនាដើមសប្តាហ៍នេះ ទីក្រុងព្យុងយ៉ាង ក៏មានបំណងចង់ពិភាក្សាជាមួយទីក្រុងសេអ៊ូល អំពីលទ្ធភាពនៃការចូលរួមរបស់ខ្លួន នៅក្នុងកីឡាអូឡាំពិករដូវរងារនេះផងដែរ។
លោក គីម បានបន្ថែមថា ភាគីទាំងពីរ គួរតែបន្ធូរបន្ថយភាពតានតឹងនៃការប្រឈមមុខយោធារវាងគ្នានិងគ្នា ដើម្បីបង្កើតបរិយាកាសល្អមួយ សម្រាប់ការផ្សះផ្សា។ ម៉្យាងវិញទៀត បើតាមកូរ៉េខាងត្បូង កូរ៉េខាងជើង បានយល់ព្រមបើកកិច្ចប្រជុំកម្រិតខ្ពស់ជាមួយគ្នា នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាការចូលរួមក្នុងកីឡាអូឡាំពិករដូវរងារ Pyoengchang។
គួរជម្រាបថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តទៅនៅឯទីក្រុង Pyoengchang ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី០៩ ដល់ទី២៥ ខែកុម្ភៈខាងមុខ៕