(វ៉ាស៊ីនតោន)៖ ក្រសួងរតនាគារជាតិអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើអង្គភាពអ៊ីរ៉ង់ចំនួន០៥ ដែលមានជាប់ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីលបាលីស្ទីគរបស់អ៊ីរ៉ង់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងរតនាគារជាតិអាមេរិក បាននិយាយថា អង្គភាពអ៊ីរ៉ង់ទាំង០៥ខាងលើ គឺបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍មីស៊ីលបាលីស្ទីគ។​ ដូច្នេះតាមរយៈការសម្រេចចិត្តនេះ ប្រជាជនអាមេរិកទាំងអស់ត្រូវបានហាមឃាត់ក្នុងការធ្វើកិច្ចព្រមព្រៀងផ្នែកហិរញ្ញវត្ថុ ឬផ្ដល់ការគាំទ្រដល់អង្គភាពទាំង០៥នេះ ហើយអ្នករំលោភលើការដាក់ទណ្ឌកម្មនេះអាចនឹងត្រូវបង្កទ្រព្យសម្បត្តិ ឬហិរញ្ញវត្ថុអនុឡោមតាមច្បាប់អាមេរិក។

គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin សហរដ្ឋអាមេរិក នឹងបន្តប្រឈមមុខនឹងអ៊ីរ៉ង់ជាមួយការដាក់ទណ្ឌកម្មបន្ថែម។ ការសម្រេច ចិត្តដាក់ទណ្ឌកម្មនេះ កើតមានឡើងនៅចំពេលរដ្ឋាភិបាលអ៊ីរ៉ង់កំពុងប្រឈមមុខនឹងបាតុកម្មតវ៉ាពីសំណាក់ប្រជាជនអ៊ីរ៉ង់ ដែលប្រឆាំងជំទាស់នឹងអំពើពុករលួយ ព្រមទំាង ការឡើងថ្លៃទំនិញនៅក្នុងបរិបទទីក្រុងតេហេរ៉ង់កំពុងជាប់ទណ្ឌកម្មអាមេរិក។ ជាងនេះទៅទៀត បាតុកម្មតវ៉ាដោយហិង្សានេះទៀតសោត បានបណ្ដាលឱ្យមនុស្ស២៣នាក់ បាត់បង់ជីវិតស្លាប់ និងរាប់រយនាក់ត្រូវចាប់ខ្លួន៕