(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ UNSC នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នារសៀលថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងញូយ៉ក) ដើម្បីពិភាក្សាពីវិបត្តិដែលកំពុងមានភាពក្តៅគគុក នៅក្នុងប្រទេសអ៊ីរ៉ង់ក្រោយពីមានការស្នើយ៉ាងទទូចពីសហរដ្ឋអាមេរិក ឲ្យធ្វើការជជែកគ្នាអំពីបាតុកម្មដ៏ប្រល័យនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០១៨។
កាលពីម្សិលមិញនេះផងដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហីធើ ណឺត (Heather Nauert) បានព្រមានថាទីក្រុងវ៉ាស៊ីនតោនមានមធ្យោបាយគ្រប់គ្រាន់ ដើម្បីដាក់ទោសទៅលើជនទាំងឡាយ ដែលជាប់ពាក់ព័ន្ធនៅក្នុងការបង្រ្កាបដោយហិង្សាទៅលើក្រុមបាតុកម្ម នៅក្នុងប្រទេសអ៊ីរ៉ង់។
ដោយឡែក អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergey Ryabkov) បានលើកឡើងថា ការអំពាវនាវរបស់សហរដ្ឋអាមេរិក ឲ្យបើកកិច្ចប្រជុំ UN បន្ទាន់មួយ ស្តីពីកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់នោះ គឺជារឿងគ្រោះថ្នាក់បំផុតមួយ។ មន្រ្តីការទូតជាន់ខ្ពស់រុស្ស៊ីរូបនេះ បានទទូចថា UN ក្នុងនាមជាអង្គការឃ្លាំមើលសន្តិភាពអន្តរជាតិ ពុំគួរពិភាក្សាជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់អ៊ីរ៉ង់ឡើយ។
គួរជម្រាបថា ក្នុងអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសអ៊ីរ៉ង់ បានទទួលរងភាពចលាចលជាខ្លាំង ពីប្រជាជនរបស់ខ្លួន ដោយពុំធ្លាប់មានជិតមួយទសវត្សរ៍កន្លងទៅ។ ដោយពីដំបូងក្រុមអ្នកតវ៉ា បានចាប់ផ្តើមធ្វើបាតុកម្ម ដោយឈរលើហេតុផលមួយចំនួន ដូចជាការឡើងថ្លៃទំនិញ និងអត្រាគ្មានការងារធ្វើ ក៏ប៉ុន្តែបានងាកទៅរកបញ្ហាផ្សេងៗទៀត ដែលកាន់តែរីកធំទៅៗ។ មកទល់ពេលនេះ មនុស្សជាង២០នាក់ហើយ ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត និងប្រមាណ៤៥០នាក់ ត្រូវបានចាប់ខ្លួន៕